ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន ថា កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ការបញ្ជាក់ជំហរនេះ បានធ្វើឡើងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកទី២ រវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីអ៊ុយក្រែន ដែលជំនួបនេះធ្វើឡើងតបតាមសំណើរបស់ លោក ហ្សេលិនស្គី នៅថ្ងៃទី២៩  ខែឧសភា ឆ្នាំ២០២៣   នៅទីក្រុងភ្នំពេញ។

ជាកិច្ចចាប់ផ្តើម លោកប្រធានាធិបតី បានរំលឹកសាជាថ្មី និងថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាតិ និងជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។ 

លោកប្រធានាធិបតី បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់កម្ពុជាក្នុងការ បណ្តុះបណ្តាល អ្នកដោះមីនរបស់អ៊ុយក្រែន កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោក បានធ្វើការកោតសរសើរចំពោះជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលបានអនុញ្ញាតឲ្យមានការចុះហត្ថលេខារបស់អ៊ុយក្រែនលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅរាជធានីភ្នំពេញ និងការគាំទ្ររបស់ កម្ពុជាចំពោះសំណើរបស់អ៊ុយក្រែនសុំចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។

សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយដែលបានជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាលើកទី២ ជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបានសង្តត់ធ្ងន់ អំពីសារៈសំខាន់នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្តែងដើម្បីបញ្ចប់ សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន។ 

ជាមួយគ្នានេះផងដែរ សម្តេចតេជោ បានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់កម្ពុជា ចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន។ សម្ដេច ថា «កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។ 

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អ៊ុយក្រែន សម្តេចតេជោ បានស្វាគមន៍ និងអបអរសាទរការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) របស់អ៊ុយក្រែន។ សម្តេចតេជោ បានបញ្ជាក់សាជាថ្មីពីការបន្តគាំទ្រសំណើរបស់អ៊ុយក្រែន ចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានផងដែរ ហើយបានជូនពរបវរជូនប្រជាជនអ៊ុយក្រែន៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ