ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រាប់សមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ថា គ្មានទេសចរណាប្រថុយប្រថានគ្រោះថ្នាក់ ធ្វើដំណើរទៅកាន់ប្រទេសដែលមានសង្គ្រាមនោះទេ។
ក្នុងពិធីបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមលើកឡើងនូវអនុសាសន៍គន្លឹះមួយចំនួន ដូចជា ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលនេះជាចំណុចធំជាងគេក្នុងចំណោម ចំណុចដែលទាក់ទងជាមួយការអភិវឌ្ឍនៃបណ្តាប្រជាជាតិនៅលើសាកលលោក ។ គ្មានទេសចរណា ប្រថុយប្រថានគ្រោះថ្នាក់ ធ្វើដំណើរទៅកាន់ប្រទេសដែលមានសង្គ្រាម នោះទេ»។
សម្ដេចតេជោ បន្ដថា កម្ពុជា ប្តេជ្ញារក្សាឱ្យបាននូវសមាជិកភាពក្នុងក្លឹប ហើយខេត្តតំបន់ឆ្នេរសមុទ្ររបស់ កម្ពុជាទាំង ៤ ក៏ត្រូវរក្សាឱ្យបាននូវខ្សែក្រវាត់ និងកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ ដែលស្អាតបំផុតលើសកលលោក។ ជាពិសេស ប្តេជ្ញាធ្វើឱ្យទីក្រុងជាប់ឆ្នេរសមុទ្ររបស់កម្ពុជា មាននិរន្តរភាព ដូចដែលបានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍ខេត្តតំបន់ឆ្នេរ គឺ៖ ខេត្តព្រះសីហនុ ជា «គោលដៅទេសចរណ៍សម្រាកលម្ហែ និងជាតំបន់សេដ្ឋកិច្ចពហុបំណង, ខេត្តកែប ជា «គោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណិត», ខេត្តកំពត ជា «គោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍ តំបន់ឆ្នេរ», ខេត្តកោះកុង ជា «គោលដៅអេកូទេសចរណ៍តំបន់ទេសចរណ៍លំដាប់ពិភពលោក»។
លើសពីនេះ សម្ដេចតេជោ ក៏បានស្នើឱ្យមានការរៀបចំវេទិកាជាតិតំបន់ឆ្នេរប្រចាំឆ្នាំ ដើម្បីជួបជុំ ពិភាក្សា និងផ្លាស់ប្ដូរ យោបល់ជុំវិញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយអាចកំណត់ថ្ងៃទី២៦ ខែឧសភា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃកម្ពុជា បានក្លាយជាសមាជិកក្លឹប ដើម្បីរៀបចំវេទិកា ជាតិនេះ ដោយអាចឆ្លាស់វេនគ្នានៅតាមបណ្តាខេត្តតំបន់ឆ្នេរទាំង៤។ សម្ដេច ក៏ស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារៈមន្ទីរឆ្នេរ (Maison de le Baie) ។ ក្នុងន័យនេះ សម្ដេច ស្នើឱ្យ លោកប្រធាន ក្លឹប និងសមាជិកក្លឹបទាំងអស់ ជួយចែករំលែកអំពីបទពិសោធ និង ដំណើរការនៃការរៀបចំសារៈមន្ទីរឆ្នេររបស់ខ្លួន៕EB