ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងនូវកតញ្ញុតាមធម៌ចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែងមានសន្ធាជ្រះថ្លាព្រះរាជទាន ព្រះរាជទ្រព្យយ៉ាងច្រើន នឹងជាបន្ដបន្ទាប់ជួយក្នុងវិស័យមនុស្ស សុខុមាលភាព ជួយសង្គ្រោះអាយុជីវិតប្រជានុរាស្ដ្រពីជំងឺកូវីដ-១៩។

តាមសារលិខិតក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ទូលព្រះ បង្គំជាខ្ញុំទាំងអស់គ្នា សូមអភិវន្ទសម្ដែងថ្វាយ នូវកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជហឫទ័យឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌ ចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រ និងជាពិសេសព្រះអង្គតែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើន និងជាបន្តបន្ទាប់ ជួយក្នុងវិស័យមនុស្សធម៌ សុខុមាលភាព ការជួយសង្គ្រោះអាយុជីវិតប្រជានុរាស្ត្រ ពីជំងឺកូវីដ-១៩ និងជីវភាពរស់នៅរបស់ប្រជានុរាស្ត្រ ព្រមទាំងព្រះរាជសកម្មភាពនានាជាច្រើនទៀតដែលបានរួមចំណែកយ៉ាងថ្លៃថ្លា ដល់ការលើកកម្ពស់កិត្យានុភាពជាតិ និងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ឲ្យរឹងរឹតតែមានភាព រីកចម្រើនខ្លាំងក្លានាពេលកន្លងមក»។

សូមជម្រាបជូនថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០០៤ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះបរមនាមថា «ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្ដិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី» ហើយសម្រេចយកថ្ងៃទី ២៩ខែតុលា ឆ្នាំ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ