ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបានដល់ ១៥ពាន់លានដុល្លារ។

ក្នុងជំនួបពិភាក្សារងាររវាង សម្ដេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បានឯកភាពគ្នានៅក្នុងការរក្សាតួនាទីស្នូល និងមជ្ឈភាពអាស៊ាន និងបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស សំដៅកសាងធនធានមនុស្សដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ស្របតាមការវិវត្តរបស់សង្គមនាពេលបច្ចុប្បន្ន។ 

ជាមួយគ្នានេះថ្នាក់ដឹកនាំនៃទាំងពីរ ក៏បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាមរយៈគោលការណ៍ប្រទេស២  គោលដៅទេសចរមួយ និងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម តាមរយៈការស្វែងរកសក្តានុពល លើការធ្វើពាណិជ្ជកម្មលើវិស័យផ្សេងៗទៀត ជាពិសេសលើវិស័យកសិកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរឱ្យបានដល់១៥ពាន់ លានដុល្លារសហរដ្ឋអាមេរិក។ 

ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក៏ឯកភាពបន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនៅតាមព្រំដែន ជាមួយនឹងការបន្តការជំរុញកិច្ចសហប្រតិបត្តិការ លើបញ្ហាប្រែប្រួលអាកាសធាតុ និងសំណល់រឹងនៅក្នុងសមុទ្រ ដែលការប្រែប្រួលអាកាសធាតុនេះ ជះឥទ្ធិពលជាវិជ្ជមានលើគុណភាពកសិផល ហើយសំណល់ប្លាស្ទិច នៅក្នុងសមុទ្រអាចជះឥទ្ធិពលអាក្រក់ ដល់សុខភាពប្រជាជនផងដែរ។ 

ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏បានឯកភាព លើការពង្រឹងកិច្ចសហប្រតិបត្តិការការតភ្ជាប់គមនាគមន៍ទាំងផ្លូវគោក ផ្លូវដែក និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះមីនលើទីតាំង នៅតាមព្រំដែន នៃប្រទេសទាំងពីរ ដើម្បីជម្លៀសគ្រោះថ្នាក់បង្កើតគ្រោះថ្នាក់ណាមួយចំពោះប្រជាជននៅតាមព្រំដែន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ