ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ទំហំសេដ្ឋកិច្ចរវាង កម្ពុជា-វៀតណាម កើនឡើងគួរឲ្យកត់សម្គាល់ ផងដែរ។

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក ជាអាទិ៍ នៅក្នុងអំឡុងពេល នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បានកើនឡើងគួរឲ្យកត់សម្គាល់»។

សម្ដេចតេជោ បានលើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ថែមទៀត។ លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានលើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។

ជាងនេះទៅទៀត សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យ ឯកអគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា ជំរុញឲ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតវៀតណាមថ្មី បានសន្យាចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីថា ក្នុងបេសកកម្មកាទូតនៅកម្ពុជា លោកមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំនាក់ទំនងជាមួយកម្ពុជាឲ្យបានកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាវិស័យដទៃទៀតផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ