សម្ដេចតេជោ ៖ មន្ដ្រីកសិកម្មនៅខេត្តមួយចំនួន មានឈ្មោះតែកសិកម្ម ប៉ុន្ដែដាំចេកមិនដែលឃើញបានផ្លៃស៊ី
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសង្កេតឃើញថា មន្ដ្រីកសិកម្មនៅតាមបណ្ដាខេត្តមួយចំនួន មានឈ្មោះតែកសិកម្ម តែដាំចេកមិនដែលឃើញបានផ្លៃស៊ីផង។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការតែតាំង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនទាមទារឱ្យមានជំនាញកសិករនោះទេ ព្រោះជំនាញកសិកម្មមានច្រើនណាស់។ អ្វីដែលទាមទារជាចាំបាច់នោះ គឺការគ្រប់គ្រង ការចាត់ចែង និងការដាក់ចេញទិសដៅនានា។
សម្ដេចតេជោ បន្ដថា ភាពជាដឹកនាំអ្វីដែលសំខាន់ គឺចេះប្រើប្រាស់មន្ដ្រីដែលក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីដាក់ចេញគោលនយោបាយ ដឹកនាំធ្វើការងារឱ្យបានត្រឹមត្រូវបំផុត។ សម្ដេច បន្ដថា កុំវាយតម្លៃរដ្ឋមន្ដ្រីកសិកម្មថ្មី ហើយកុំគិតថា «ទាល់តែអាញជំនាញកសិកម្ម ទើបសមរម្យ»។
សម្ដេចតេជោ បន្ថែមថា «ពីដើមខ្ញុំ អាសារដើរទៅតាមខេត្ត មិនមែនជាការបន្ទោសបង្អាប់មន្ដ្រីកសិកម្មនៅតាមខេត្តទេ ក៏ប៉ុន្ដែចង់ដាក់តឿន ខ្ញុំថា ពួកអស់លោកកសិកម្ម មានឈ្មោះតែកសិកម្មទេ តែដាំចេកមិនដែលឃើញបានផ្លៃស៊ី ឥឡូវត្រូវរកផ្លៃមកចុតប្រហុក ប៉ុន្ដែមិនត្រូវរករបស់ប្រជាជនទៅរករបស់កសិកម្មដាំ កន្លែងមន្ទីរមួយៗ អត់មានដើមឈើទេ អត់មានដាំបន្លែ ដាំបង្ការ អត់ជាងសាលារៀនដែលគ្រូបង្រៀន ធ្វើកន្លែងក្មេងដាំ អាហ្នឹងរឿង»៕