ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រាប់អភិបាលក្រុងអាស៊ានថា ត្រូវធានាឱ្យបាននូវសុខសន្ដិភាព ដែលជាមូលដ្ឋានគ្រឹះចម្បង និងសំខាន់បំផុត សម្រាប់កសាងទីក្រុងឆ្លាត មានភាពធន់ និងចរីភាព។

ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងគោលដៅចូលរួមផ្តល់ជាធាតុចូល សម្រាប់ការពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន ឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការកសាង និងតភ្ជាប់ទីក្រុងអាស៊ាន ឆ្ពោះទៅរកការកសាង សហគមន៍អាស៊ាន ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ខ្ញុំសូមចែករំលែកនូវអនុសាសន៍ ផ្ទាល់ខ្លួនមួយចំនួន ដូចជា ត្រូវធានាឱ្យបាននូវសន្តិភាព, សន្តិសុខ, ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋាន គ្រឹះចម្បង និងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព»។

សម្ដេចតេជោ បន្ដថា គោលដៅចម្បងបំផុតនៃការកសាងទីក្រុង ឬប្រទេសមួយ គឺការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព, វិបុលភាព និងភាពធន់។ ស្ថិតក្នុងបរិការណ៍ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជាខ្ពស់, រដ្ឋបាលក្រុង, រាជធានី និងរដ្ឋធានីអាស៊ាន ត្រូវយកចិត្តទុកដាក់ទៅលើការកសាងទីក្រុងឆ្លាត ដោយមានការគិតគូរអំពីការសម្រួលដល់ការផ្លាស់ប្ដូររបៀបរបបរស់នៅ តាមគន្លង ប្រក្រតីភាពថ្មី និង ការសម្របខ្លួនរបស់ប្រជាជន ទៅនឹងការផ្លាស់ប្ដូរប្រជាសាស្ត្រ ឬការប្រែប្រួលណាមួយ ដែលអាចកើតមានឡើង ទាំងពេលបច្ចុប្បន្ន និងអនាគត។

សម្ដេចតេជោ បន្ថែមថា ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ត្រូវមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ទាំងរដ្ឋបាលមូលដ្ឋាន, វិស័យឯកជន, ដៃគូអភិវឌ្ឍន៍, ស្ថាប័នជាតិ និង អន្តរជាតិ និង ជាពិសេសពីប្រជាជនដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្ដង ។ ក្នុងន័យនេះ រដ្ឋបាលក្រុង, រាជធានី និងរដ្ឋធានីអាស៊ាន ដែលស្ថិតនៅជាប់ផ្ទាល់ ជាមួយប្រជាជន ត្រូវលើកកម្ពស់ការយល់ដឹង និងសមត្ថភាពក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ព្រមទាំងការចាប់ផ្តើមយកចិត្តទុកដាក់លើ សេដ្ឋកិច្ចវិលជុំ និង សេដ្ឋកិច្ចបៃតង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ