ភ្នំពេញ ៖ លោកបណ្ឌិត យ៉ង សាំងកុមារ បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នាថ្ងៃនេះ គឺមានទស្សនវិស័យដូចគ្នា និងធ្វើការជាមួយគ្នាបាន ទាក់ទងទៅនឹងបញ្ហាប្រឈម និងដំណោះស្រាយវិស័យកសិកម្មនៅកម្ពុជា។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ដែលលោកទាំងពីរនាក់ ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកបណ្ឌិត យ៉ង សាំងកុមារ នាថ្ងៃទី២៨ វិច្ឆិកា នេះ ថា «រដ្ឋមន្រ្តីក្រសួងកសិកម្ម និងខ្ញុំ បានជួបជាមួយ សម្តេចនាយករដ្ឋមន្រ្តី ពិភាក្សាអស់រយៈពេលប្រមាណ ២ម៉ោង ក្នុងបរិយាកាសល្អអំពីស្ថានភាពកសិកម្ម ទុក្ខលំបាករបស់កសិករ ទស្សនវិស័យ និងវិធានការកែលម្អជាពិសេសផ្តោតលើវិស័យស្រូវអង្ករ និងវិស័យពាក់ព័ន្ធផ្សេងទៀត»។

លោកបណ្ឌិត បន្ដថា «ជាទូទៅយើងមានទស្សនវិស័យដូចគ្នា ទាក់ទងនឹងបញ្ហាប្រឈម និងដំណោះស្រាយក្នុងវិស័យកសិកម្មនៅកម្ពុជា ហើយយើងអាចធ្វើការជាមួយគ្នាបាន»។

សូមរំលឹកថា នាថ្ងៃ២៣ វិច្ឆិកា លោកបណ្ឌិត យ៉ង សាំង កុមារ និងលោក ឡឹក សុធារ បានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។ ការចូលរួមនេះ ដោយសារលោកទាំង២ ពេញចិត្តនឹងគោលនយោបាយ លើវិស័យកសិកម្ម ដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ