ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ទៅកាន់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន ដើម្បីជំរុញឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិន នៅក្នុងប្រទេសកម្ពុជា។

ការបង្ហើបអំពីសំណើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន២លានដូសបន្ថែមទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ថ្លែងក្នុងសន្និសីទកាសែងនៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីការនិយាយជាមួយ លោកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន ទាក់ទងជាមួយនឹង ការផ្គត់ផ្គង់វ៉ាក់សាំងបន្ត ហើយឈានដល់គំនិតផ្តួចផ្តើមស្តីអំពីការផលិតវ៉ាក់សាំងនៅនឹងប្រទេសកម្ពុជា។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ធ្វើដូច្នេះកម្ពុជាមានលទ្ធភាពដើម្បីទិញវ៉ាក់សាំងដែលផលិតនៅក្នុងរោងចក្រដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចាក់នៅក្នុងប្រទេសខ្លួនឯងផង ហើយកម្ពុជាក៏មានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងនេះទៅកាន់ប្រទេសដទៃ តាមរយៈនៃការបញ្ជាទិញរបស់ប្រទេសដទៃ»។

សម្តេចសង្ឃឹមថា លោកអគ្គរដ្ឋទូតចិន នឹងបញ្ជូនសំណើរបស់សម្តេចទៅកាន់ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោកនាយករដ្ឋមន្រ្តី លី ខឺជាង ក៏ដូចជាផ្នែកពាក់ព័ន្ធដទៃទៀតឱ្យបានឆាប់រហ័ស ដើម្បីបើកឱ្យមានការផលិតវ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ