ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រាប់ដល់សមាជិកអាស៊ានទាំងអស់ ត្រូវតែប្រុងប្រយ័ត្នជាប់ជានិច្ច ដោយស្ថានភាពសង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការរាតត្បាតនៃកូវីដ-១៩ បានកើតមានជិត ៣ឆ្នាំហើយ ចាប់តាំងពីដើមឆ្នាំ២០២០មក។ ជាមួយនឹងការព្យាយាម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់ តាមរយៈសមាជិក អាស៊ាននីមួយៗ និងអាស៊ានជារួម អាចប្រកាសដោយមោទនភាពថា បានយកឈ្នះលើការគម្រាមកំហែងជាសកលនេះ ហើយបានចាប់ផ្ដើមដំណើការស្ដារឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ច។

សម្ដេចតេជោ បន្ដថា ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) កាលពីខែតុលា កន្លងទៅនេះ រដ្ឋសមាជិកអាស៊ាននីមួយៗនឹងទទួលបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន ហើយតំបន់អាស៊ានទាំងមូល នឹងអាចសម្រេចបានកំណើនក្នុងអត្រា ៥៣% និង ៤,៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា, ដែលជាអត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនសកលលោក។

សម្ដេចតេជោ បញ្ជាក់ថា «ខណៈដែលយើងកំពុងសប្បាយរីករាយជាមួយនឹងផ្លែផ្កាពីការខិតខំរបស់យើង លើវិថីឆ្ពោះទៅកាន់កំណើនប្រកបដោយចីរភាពនេះ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ។ យើងកំពុងស្ថិតនៅលើចំណុចប្រសព្វដ៏ស្រពេចស្រពិលបំផុត ដែលជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់ ពឹងផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រមប្រាកដនិយមរបស់យើង ក្នុងការដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រនានា ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ