សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងខ្លី ថា បើក្រុមប្រឆាំងហ៊ានប្រើអាវុធ អ្នកឯងក៏ត្រូវប្រឈម ជាមួយអាវុធដែរ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់ទៅក្រុមប្រឆាំងយ៉ាងខ្លីថា ប្រសិនបើអ្នកឯងហ៊ានប្រើប្រដាប់អាវុធ ឬហិង្សាបែបប្រដាប់អាវុធ អ្នកឯងក៏ត្រូវប្រឈម ជាមួយអាវុធដែរ គ្មានអ្នកណាសុខចិត្តឱបដៃ ឲ្យវ៉ៃ ឬចាប់ខ្លួនទេ ។
ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី តែងតែធ្វើការអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ងើបឡើងផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅថ្ងៃទី២០ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចំពោះផែនការបង្ករចលាចល យើងក៏បានត្រៀមរៀបចំខ្លួន សម្រាប់ហេតុការណ៍ដ៏អាក្រក់បំផុត វាមិនមានកម្លាំងហួសហេតុ រហូតដល់ដូចពួកខ្មែរក្រហម វ៉ៃដណ្ដើមកាន់កាប់ទឹកដី ដូចជាវ៉ៃយកទឹកដីប៉ៃលិន វ៉ៃចូលគៀកបាត់ដំបងអីដែរ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «យើងក៏បានត្រៀមជាយថាហេតុ បើអ្នកឯងប៉ុនប៉ងបង្កចលាចល យើងក៏មិនខ្លាចញញើត ជាមួយនឹងការប្រើប្រាស់កម្លាំងដើម្បីទប់ស្កាត់ ការបំផ្លិចបំផ្លាញ ឬការធ្វើវិទ្ធង្សនា និងបង្កើតចលាចលនោះទេ នេះជាសារមួយសម្រាប់ពួកអ្នកឯងឲ្យបានច្បាស់» ។
សម្ដេចតេជោបន្តថា «បើសិនជាអ្នកឯង ហ៊ានប្រើប្រដាប់អាវុធ ឬហិង្សាបែបប្រដាប់អាវុធ អ្នកឯងក៏ត្រូវប្រឈមជាមួយអាវុធដែរ គឺគ្មានអាជ្ញាធរណា សុខចិត្តឈរឱបដៃឲ្យអ្នកឯងមកវ៉ៃ ឬចាប់ខ្លួននោះទេ» ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរ ក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងបក្សនយោបាយនានា បានចេញញត្តិថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ងើបឡើងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ៕EB