ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជា មិនត្រឹមតែអាចបញ្ចៀសនូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងប្រព័ន្ធស្បៀងតាមរយៈ ការដាក់ចេញវិធានការជាបន្តបន្ទាប់។

តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិអាហាររូបត្ថម្ភ លើកទី៩ (៦ វិច្ឆិកា ២០២២) ក្រោមប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ» បានឱ្យដឹងថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពិនិត្យរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងវិធានអនាម័យ សុវត្ថិភាព គុណភាព និងភាពសមស្រប នៃម្ហូបអាហារ។

សម្ដេចតេជោ បញ្ជាក់ថា «ស្ថិតក្នុងបរិបទដែលពិភពលោកកំពុងជួបបញ្ហាសន្តិសុខស្បៀង និងថាមពល កម្ពុជាមិនត្រឹមតែ អាចបញ្ចៀសបាននូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាថែមទាំងបានពង្រឹងប្រព័ន្ធស្បៀងតាមរយៈ ការដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីផលិតនិងផ្គត់ផ្គង់ផលិតផលកសិកម្មនិងម្ហូបអាហារប្រកបដោយ គុណភាពនិងសុវត្ថិភាពទៅកាន់ទីផ្សារក្នុងតំបន់និងពិភពលោក»។

សម្ដេចតេជោ រាជរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តខ្ពស់ ដោយឈរលើកត្តាសន្តិភាពនិងស្ថិរភាពនយោបាយដែលបង្កើតបាននូវបរិយាកាសមួយដ៏រឹងមាំសម្រាប់ អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ក្នុងនោះវិស័យសុវត្ថិភាពម្ហូបអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់។

សម្ដេចតេជៅ បន្ថែមថា ដោយផ្អែកតាមលទ្ធផលរកឃើញនៃអង្កេតប្រជាសាស្ត្រនិងសុខភាព កម្ពុជា ឆ្នាំ២០២១-២០២២ បានបង្ហាញថា អត្រាក្រិសក្រិនរបស់កុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ៣២% មកត្រឹម២២% ហើយអត្រាមិនគ្រប់ទម្ងន់របស់កុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី២៤% មក ត្រឹម ១៦% ប៉ុន្តែអត្រាស្គមស្គាំង កុមារអាយុក្រោម ៥ឆ្នាំ ហាក់នៅដដែលគឺ ៩,៨% ចាប់ពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០២១៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ