ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋកុំរើសអើងអ្នកកើតជំងឺកូវីដ-១៩ ព្រោះអ្នកកើតកូវីដមានប្រព័ន្ធការពារខ្លួនខ្លាំងជាងអ្នកមិនទាន់បានកើត ខណៈបណ្ដាប្រទេសមួយចំនួន គេយកអ្នកកើតកូវីដ ចូលរួមប្រយុទ្ធប្រឆាំងជំងឺនេះ ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមផ្ដាំផ្ញើថា កុំមើលស្រាលអ្នកកើតកូវីដ អ្នកកើតកូវីដបានសេចក្ដីថា គេបានកើតរួចហើយ គេមានអង់ទីគ័រការពារខ្លួនគ្រប់គ្រាន់។ យើងអត់ទាន់កើត គឺនៅរងគ្រោះ ។ អ្នកកើតរួចហើយ គឺអ្នកស្បែកក្រាស់។ នៅវៀតណាម គេអំពាវនាវអ្នកកើតកូវីដហើយ មកចូលរួមប្រយុទ្ធជាមួយកូវីដ ។ ចឹងអ្នកណាដែលមានការរើសអើងអ្នកកើតកូវីដ គឺជាកំហុសធ្ងន់ ថ្ងៃក្រោយអ្នកនេះ គឺអ្នកដែលជួយយើងទៅវិញ»។ នេះជាប្រសាសន៍សម្តេចក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សម្ដេចតេជោបន្ដថា មានប្រជាពលរដ្ឋមួយចំនួន បានរើសអ្នកកើតកូវីដ-១៩ តែអត់គិតថា ខ្លួនឯងមិនទាន់កើតកូវីដ ហើយងាយរងគ្រោះ ។

សម្ដេចតេជោ បានរំលឹកថា កាលពី លោក ឆែម សាវុធ អគ្គនាយកដ្ឋានពន្ធនាគារ ឆ្លងជំងឺកូវីដ-១៩ មានអ្នកមួយចំនួនលើកឡើងថា ដកលោក ឆែម សាវុធ ចេញពីតំណែង ។ សម្តេចថា កាលនោះបើសម្តេចដកចេញមែន គឺវីវរហើយ ដោយរើសអើង ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១៨.៥២២នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១១៤.៧២៧នាក់ និងអ្នកស្លាប់ ចំនួន២,៧៨៨នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ