ភ្នំពេញ ៖ ឆ្លើយតបនឹងការស្នើសុំយ៉ាងទទូចរបស់សិស្សមួយចំនួនដែលចង់បានការជាប់បាក់ឌុប ដោយស្វ័យប្រវត្តិ ឆ្នាំសិក្សា២០២០-២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា មិនមានការសម្រេចឱ្យសិស្សបាក់ឌុប ជាប់ស្វ័យប្រវត្តិដូចឆ្នាំមុននោះទេ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
សម្តេចតេជោ បានទទួលការឆាតសួរ និងខមមិន ក្នុងហ្វេសប៊ុករបស់សម្តេចជាច្រើន ស្នើសុំសម្តេចជួយអន្តរាគមន៍បានជាប់បាក់ឌុប ដោយស្វ័យប្រវត្តិ តែសម្តេចលោកថា លោកមិនតបខមមិននោះទេ ព្រោះមិនមានការអនុញ្ញាតឱ្យជាប់ដោយស្វ័យប្រវត្តិទេ ។
សម្តេច តេជោ បន្តថា ខ្លះបានខមមិនថា សម្តេចពុក សម្តេចតា ជួយ ឱ្យជាប់ដោយស្វ័យប្រវត្តិ ។ សម្តេចបន្តថា «ឱ! ចៅអើយៗ បើគិតពីឡើងថ្នាក់ តែអត់ចេះឡើងធ្វើអី ។ អ៊ីចឹងអត់ទេ សុំរៀបចំឱ្យមានការប្រឡង » ។ សម្តេចបន្តថា បើមិនចេះ ចៅៗត្រូវប្រឹងរៀនឱ្យប្រឡងជាប់ បើគិតតែពីស្នើសុំ ជាប់ស្វ័យប្រវត្តិទៅ វិស័យអប់រំយើងវាយ៉ាងម៉េចទៅ ។ ឥឡូវ កំពុងរៀបចំបើកសាលា ដូច្នេះក្រសួងអប់រំ យុវជន និងកីឡា ត្រូវពន្លឿនការរៀនផ្ទាល់ឱ្យបានច្រើន ដើម្បីឈានទៅរកការប្រឡងឱ្យឆាប់ៗ ។
ជាងនេះទៅទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចសុំ ផ្តាំផ្ញើចៅៗ សុំការយោគយល់ មិនអាចឱ្យជាប់ដោយស្វ័យប្រវត្តិដូចឆ្នាំមុនទេ ដូច្នេះអាណាព្យាបាល មាតា-បិតា ត្រូវខិតខំជួយបង្រៀនកូនៗផងដែរ៕EB