អ្នកនាំពាក្យរាជរដ្ឋាភិបាល ថា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន មិនទាន់ចង់និយាយ អំពីរឿងព្រំដែន កម្ពុជា-វៀតណាម ដែលកំពុងដោះស្រាយ
ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន កម្ពុជា លោក វ៉ា គឹមហុង មិនទាន់ចង់និយាយ អំពីកិច្ចការងារ ដែលកំពុងដោះស្រាយគ្នា ជាមួយភាគីវៀតណាម ទាក់ទងរឿងព្រំដែន ដែលវៀតណាមបានបោះតង់រំលោភ លើព្រំដែនកម្ពុជា នៅតំបន់មួយចំនួន ដែលមិនទាន់បានឯកភាពគ្នានោះទេ ។
ការលើកឡើង របស់លោក ផៃ ស៊ីផាន បែបនេះ បន្ទាប់ពីលោក វ៉ា គឹមហុង បានលើកឡើងថា “មកដល់ពេលនេះ លោកមិនទាន់ទទួលបានឯកសារ ពីក្រសួងមហាផ្ទៃ ស្ដីពីករណី វៀតណាម បោះតង់នៅឡើយ ” ។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុ អាស៊ីសេរី (RFA) នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ លោកផៃ ស៊ីផាន បានលើកឡើងថា លោកវ៉ា គឹម ហុង មិនបាននិយាយអ្វី ដែលធ្វើឲ្យមានការប៉ះពាល់ ក្នុងការងារព្រំដែននោះទេ ។
លោកបន្តថា “លោក(វ៉ា គឹមហុង)មិនចង់ និយាយអំពីការងារ ដែលកំពុងតែដំណើរការ ពីព្រោះការដោះស្រាយបញ្ហាព្រំដែន គឺជាមរតករបស់វីរជនរបស់យើង ដូចជាសម្ដេចជា ស៊ីម សម្ដេចហេង សំរិន និងសម្ដេចតេជោ ហ៊ុនសែន ដែលជាមជ្ឈមណ្ឌលកណ្ដាលមួយ នៅក្នុងការចរចា រៀបចំធ្វើការដោះស្រាយ បញ្ហាព្រំដែន ជាព្រំដែនអន្តរជាតិ” ។
លោកបញ្ជាក់ថា ចំពោះការដោះស្រាយបញ្ហាព្រំដែននេះ គឺកម្ពុជា យកផែនទី ដែលជាមរតករបស់បារាំង ដែលបានគូសទុកឲ្យកម្ពុជាសម្រាប់ធ្វើជាភស្តុតាង ក៏ដូចជា ធ្វើមូលដ្ឋានគ្រឹះ សម្រាប់ធ្វើការការត្រួតពិនិត្យ នៃការបោះបង្គោលព្រំដែន សារជាថ្មីផងដែរ។
ជាមួយគ្នានោះអ្នកនាំពាក្យ រាជរដ្ឋាភិបាលបន្ថែមថា កម្ពុជា-វៀតណាម បានធ្វើកំណត់ទូតឆ្លងឆ្លើយគ្នាទៅវិញ ទៅមករួចរាល់ហើយអំពីការ ដែលវៀតណាមចូលមកបោះតង់ នៅតំបន់មិនទាន់ឯកភាពគ្នា ។
លោកបន្ថែមទៀតថា ការបោះតង់របស់ភាគី វៀតណាមនៅកន្លែងខ្លះ គឺបានបោះនៅក្នុងតំបន់ ដែលបានឯកភាពគ្នារួចរាល់ ដែលមិនមានជាបញ្ហាអ្វីនោះទេ ។ តែមានកន្លែងមិនទាន់ឯកភាពគ្នាខ្លះ ដែលវៀតណាមបានបោះបង្គោលព្រំដែន រំលោភលើអធិបតេយ្យភាពកម្ពុជាផងដែរ ។
លើសពីនេះទៀត លោកសង្កត់ធ្ងន់ថា ប្រសិនបើរឿងព្រំដែនជាមួយវៀតណាម ដោះស្រាយមិនចប់នោះ កម្ពុជា នឹងអញ្ជើញភាគីបារាំងចូលមកកាត់ក្ដី ដោះស្រាយ ព្រោះបារាំងគឺជាអ្នកកំណត់ព្រំដែនកម្ពុជា-វៀតណាម ទោះលទ្ធផលយ៉ាងណាក៏កម្ពុជា ទទួលយកបានដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ កម្ពុជាបានធ្វើកំណត់ទូតតវ៉ា ទៅកាន់ភាគីវៀតណាម ដោយស្នើឲ្យបញ្ឈប់ជាបន្ទាន់ នូវការរំលោភបំពាន លើខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់ឯកភាពគ្នា ខណៈភាគីវៀតណាមបានបោះតង់ និងដាក់កម្លាំងកងទ័ពចំនួន ៣១កន្លែង ដែលជាប់ព្រំដែនជាមួយ ស្រុកលើកដែក ស្រុកកោះធំ ក្នុងខេត្តកណ្ដាល និងខេត្តអានយ៉ាង របស់វៀតណាម។
គួររំលឹកថា កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែង ១២៧០គីឡូម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរ បានបោះបង្គោលព្រំដែន សម្រេចបាន ៨៤% នៃខ្សែព្រំដែនរួម ខណៈនៅសល់ ១៦% ទៀតកំពុងដោះស្រាយ ៕