រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ ឆ្នាំ២០២០
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ។
ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «កិច្ចប្រជុំនាពេលព្រឹកនេះ គឺកិច្ចប្រជុំ ប្រចាំឆមាសទី១ របស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញមនុស្ស។ ហើយកិច្ចប្រជុំនេះ ក៏ធ្វើសេចក្ដីរាយការណ៍អំពីលទ្ធផល នៃការខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័ន អង្គភាពជាសមាជិក និងថ្នាក់ក្រោមជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញមនុស្ស ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០»។
សូមជម្រាបថា យោងតាមរបាយការណ៍សង្ខេបសម្រាប់កិច្ចប្រជុំឆមាសទី១ ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា សកម្មភាពលទ្ធផល និងភាពប្រឈម និងទិសដៅ ដែលគណៈកម្មាធិការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រឹងប្រែងអនុវត្តកន្លងមក មានដូចខាងក្រោម៖
ទី១-ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់ក្រសួងស្ថាប័នរាជធានី-ខេត្ត បានបន្តសកម្មភាពរបស់ខ្លួនទៅតាមទិសដៅគ្រោងទុក បើទោះបីជាបាន និងកំពុងតែប្រឈមនឹងសភាពការណ៍វិវត្តថ្មី ដែលមិនអាចប៉ាន់ស្មានបាន ពាក់ព័ន្ធនឹងស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក និងបន្ថែមដោយវិបត្តិនៃការរាតត្បាតដោយជំងឺកូវីដ-១៩។
ទី២-ចាប់ពីខែមីនា ឆ្នាំ២០២០ ក្រសួងស្ថាប័ន និងរាជធានី-ខេត្ត បានប្ដូរទិសដៅការងារ ផ្ដោតការយកចិត្តទុកដាក់បន្តែមទៅលើបញ្ហាវិបត្តិកូវីដ-១៩ ដែលជាភាពប្រឈមថ្មី និងដែលជះឥទ្ធិពលដល់ការអនុវត្តសកម្មភាពគ្រប់វិស័យធ្វើឲ្យរាំងស្ទះដោយអន្លើ និងត្រូវបន្ថែមភារកិច្ចក្នុងការដោះស្រាយ ទប់ស្កាត់ផលប៉ះពាល់ លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលត្រឡប់ពីប្រទេសក្រៅ ដែលមានចំនួនច្រើនលើសលប់ និងភាគច្រើនជាអ្នកដែលខ្វះលទ្ធភាពក្នុងការទ្រទ្រង់ជីវភាព ហើយងាយរងគ្រោះ។
ទី៣-អាជ្ញាធរ សមត្ថកិច្ច និងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ និងអង្គការដៃគូ បានធ្វើសកម្មភាពយ៉ាងមមាញឹក ប្រចាំការនៅតាមព្រំដែនទទួលសង្គ្រោះពលករដែលវិលត្រឡប់តាមច្រកមិនផ្លូវការទាំងយប់ទាំងថ្ងៃ ពិនិត្យកម្ដៅ និងសុខភាព អនុវត្តគោលការណ៍ចត្តាឡីស័កតាមវិធានសុខាភិបាល ផ្ដល់អាហារ ត្រៀមមធ្យោបាយដឹកជញ្ជូន ឲ្យបានដល់លំនៅដ្ឋាន។
និងទី៣-បន្តតាមដានស្ថានភាពសុខភាព ជីវភាព និងផ្ដល់សេវាតាមតម្រូវការផ្សេងៗ និងបន្តតាមដានស្ថានភាព នៅពេលធ្វើសមាហរណកម្មទៅក្នុងសហគមន៍ដែលពួកគាត់រស់នៅ៕EB