ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាច្រើនមុខ ទៅកាន់ទីផ្សារអន្តរជាតិបានបរិមាណ ២,៦៨៩,៦៨៥តោន។
យោងតាមរបាយការណ៍របស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ថា បរិមាណនៃការនាំចេញផលិតផលកសិកម្មនេះ គឺត្រូវបានគត់ត្រាផ្លូវការ ដែលឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ដោយមិនទាន់គិតពីការនាំចេញក្រៅផ្លូវការ ដូចជាស្រូវជាង១លានតោន ទៅកាន់ប្រទេសវៀតណាមនោះទេ។
ផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅក្រៅប្រទេស នៅរយៈពេល៧ខែនេះរួមមាន៖ អង្ករនាំចេញបានជិត៤៣ម៉ឺនតោន, ដំឡូងមីជាង១.៥លានតោន, គ្រាប់ស្វាយចន្ទី ជិត២០ម៉ឺនតោន, គ្រាប់ពោតជាង១៤ម៉ឺនតោន, ចេកស្រស់ជិត១៧ម៉ឺនតោន, ផ្លែស្វាយជិត៥ម៉ឺនតោន, ដូងប្រេងជាង៣ម៉ឺនតោន, ម្ទេសស្រស់ជាង៤ម៉ឺនតោន និងផលិតផលកសិកម្មផ្សេងៗទៀត។
ទីផ្សារកសិផលរបស់កម្ពុជាមានដូចជា៖ ចិន ថៃ វៀតណាម ឥណ្ឌា អឺរ៉ុប ជប៉ុន រុស្ស៊ី អូស្ត្រាលី និងប្រទេសមួយចំនួនទៀត៕EB