ភ្នំពេញ ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា រហួតដល់ពេលនេះ គ្មាននាំជ្រូកចូលពីវៀតណាម តាមច្រកព្រំដែនបន្ទាយចក្រី នៅស្រុកព្រះស្តេច ខេត្តព្រៃវែងឡើយ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរឹតបន្តឹងការនាំចូលសត្វជ្រូកមកកម្ពុជានារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក តាន់ ផាន់ណារ៉ា បានបញ្ជាក់ថា នាពេលកន្លងមក មានការដឹក ជញ្ជូនជ្រូករស់ពីថៃ ទៅវៀតណាម ដោយឆ្លងកាត់តាមកម្ពុជា ប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា «មិនអាចមានការនាំចូលជ្រូករស់ពីប្រទេសវៀតណាម ចូលមកកម្ពុជាពិសេសតាមច្រកព្រំដែនបន្ទាយចក្រីនោះទេ។ មូលហេតុ រហូតដល់ពេលនេះ តម្លៃជ្រូករស់នៅកម្ពុជា ថ្លៃ១១០០០ រៀល ទៅ១២០០០ រៀល ក្នុង ១គីឡូក្រាម។រីឯតម្លៃជ្រូករស់នៅប្រទេសវៀតណាម ថ្លៃ ១៧០០០រៀលក្នុង១គីឡូក្រាម»។
ឆ្លៀតឱកាសនោះដែរ លោក តាន់ ផាន់ណារ៉ា បានបញ្ជាក់ថាការចិញ្ចឹមសត្វ នៅក្នុងស្រុក អាចផ្គត់ផ្គង់តម្រូវការបាន ៨២% នៅពេលមិនទាន់មានបញ្ហាជំងឺ កូវីដ-១៩។លោកថា នៅពេលមានបញ្ហាជំងឺកូវីដ១៩ តម្រូវការសាច់ធ្លាក់ចុះ នាំឲ្យការចិញ្ចឹមសត្វ នៅកម្ពុជា អាចផ្គត់ផ្គង់ស្ទើរតែគ្រប់គ្រាន់បាន៕ E B