ភ្នំពេញ ៖ រយៈពេល ៥ខែ ដើមឆ្នាំ២០២០ កម្ពុជាបានធ្វើការនាំចេញផលិតផលកសិកម្ម មួយចំនួន ក្រៅពីអង្ករ និងស្រូវ គឺមានការកើនឡើងខ្ពស់ ក្នុងនោះ ចំណិតដំឡូងមីក្រៀម នាំចេញបាន ៩៩៦,២៩០ តោន កើនឡើងប្រមាណ ៨៨, ២៩០ តោន ស្មើនឹង ៩,៧២ភាគរយ ដែលធៀបទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មានចំនួនតែ ៩០៨, ០០០ តោនប៉ុណ្ណោះ។

នេះបើយោងតាមការបញ្ជាក់លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមរយៈផេកហ្វេសប៊ុកផ្លូវការ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។

លោក វេង សាខុន បានគូសបញ្ជាក់ថា យោងតាមលទ្ធផលនៃការនាំចេញផលិតផលកសិកម្មមួយចំនួន ក្រៅពីអង្ករ និងស្រូវ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២០ សម្រេចបាននូវផលិតផលមួយចំនួន ដូចជា ម្សៅដំឡូងមីនាំចេញបាន ១០, ២៧២ តោន ថយចុះប្រមាណ ៣៧១ ៤២៨ តោន ស្មើនឹង ៩៧,៣០ភាគរយ ដែលធៀបទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មានចំនួន៣៨១,៧០០តោន។

គ្រាប់ស្វាយចន្ទីនាំចេញបាន ១៩០, ១៤១ តោន កើនឡើងប្រមាណ ៣៨, ៥៨១ តោន កើនឡើង ២៥,៤៦ភាគរយ ដែលធៀបទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មានចំនួនតែ ១៥១, ៥៥០ តោនប៉ុណ្ណោះ។ ចំពោះគ្រាប់ពោតនាំចេញបាន ៣៥, ៦៣៦ តោន ថយចុះប្រមាណ ១៥ ០៤៣ តោន ស្មើនឹង ២៩,៦៨ភាគរយ ដែលធៀបទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មានចំនួន ៥០, ៦៧៩ តោន។

លោកកត់សម្គាល់ឃើញថា សម្រាប់ផ្លែចេកស្រស់នាំចេញបាន ១២១, ៤១៥ តោន កើនឡើងប្រមាណ ៧៦, ៨៩៧ តោន ស្មើនឹង ១៧២,៧៣ភាគរយ ដែលធៀបទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មានចំនួនតែ ៤៤, ៥១៨ តោនប៉ុណ្ណោះ។

ជាមួយគ្នានេះ ផ្លែស្វាយស្រស់នាំចេញបាន ៤៤, ០៩៩ តោន កើនឡើងប្រមាណ ១៤, ៨៨៥ តោន ស្មើនឹង ៥០,៩៥ភាគរយ ដែលធៀបទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មាន ចំនួនតែ ២៩, ២១៤ តោនប៉ុណ្ណោះ។ ដោយឡែក សម្រាប់ផលិតផល ម្រេចនាំចេញបាន ២, ៥២៧ តោន កើនឡើងប្រមាណ ៤៦៦ តោន ស្មើនឹង ២២,៦១ភាគរយ ដែលធៀបទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មានចំនួនតែ ២០, ០៦១ តោនប៉ុណ្ណោះ៕ EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ