ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យ អភិ បាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម ត្រូវពង្រឹងនិងទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា។

នាពេលថ្មីៗនេះ នៅតំបន់ខ្លះនៃប្រទេសវៀតណាម មានការឆ្លងរីករាលដាលនូវជំងឺកូរីដ-១៩ ហើយអាជ្ញាធរវៀតណាមបាន និងកំពុងចាត់វិធានការបិទការចេញចូលនៅតំបន់ ដែលមានការឆ្លងជំងឺ កូវីដ១៩នេះផងដែរ។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា  ក្នុងស្មារតីនេះ ដើម្បីចូលរួម សហការក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា សម្តេច ស ខេង សូមណែនាំដល់អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់លើការងារដូចខាងក្រោម៖

ទី១-ត្រូវណែនាំដល់សមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែន ឱ្យពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យ មធ្យោបាយដឹកជញ្ជូន និងអ្នកដំណើរ ដែលដឹកជញ្ជូនទំនិញចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា- វៀតណាម ស្របតាមវិធានចត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់បំផុត។

ទី២-ត្រូវចាត់វិធានការឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់កុំឱ្យមានការលួចឆ្លងដែន ដោយខុសច្បាប់ ចេញចូលឆ្លងកាត់ព្រំដែន តាមច្រករបៀងនានា ក្នុងភូមិសាស្ត្ររបស់ខ្លួន។

និងទី៣-បន្តជំរុញការអប់រំ ណែនាំ និងផ្សព្វផ្សាយដល់សាធារណជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសប្រជាពលរដ្ឋរស់នៅ តាមតំបន់ព្រំដែន ឱ្យបង្កើនការប្រុងប្រយ័ត្នការពារខ្លួន ស្របតាមការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យមានវីរុសកូវីដ១៩ឆ្លងមកលើបុគ្គល និងសហគមន៍មូលដ្ឋាននៅកម្ពុជា។

សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៣៩នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១៦៤នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៧៣នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ