រាជរដ្ឋាភិបាលកម្ពុជា បញ្ចូលអង្គការជំនួយនៃក្តីសង្ឃឹម សម្រាប់សហគមន៍ (សាលាកុមារអូទីសិម) ជាគ្រឹះស្ថានសាធារណៈ
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចូលសាលា អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ (សាលាកុមារអូទីសិម) ជាគ្រឹះស្ថានសាធារណៈ ដោយរួមទាំងបញ្ចូលគ្រូ និង បុគ្គលិកអប់រំទីនោះ ២៦នាក់ជាបុគ្គលិករដ្ឋផងដែរ។ នេះបើយោងតាមលិខិត របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលចុះហត្ថលេខាដោយលោក អ៊ីន វីរៈជាតិ ជារដ្ឋលេខាធិការទីស្តីការ។
លិខិតបញ្ជាក់ថា “រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ បញ្ចូលសាលាអង្គការជំនួយនៃ ក្តីសង្ឃឹមសម្រាប់សហគមន៍ ជាគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីឆ្នាំសិក្សា២០២០-២០២១ និងផ្តល់ការឧបត្ថម្ភថវិកាដំណើរការសាលារៀន” ។
បើតាមសេចក្តីសម្រេចរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញ សាលាអង្គការជំនួយនៃក្តីសង្ឃឹម សម្រាប់សហគមន៍ក្លាយជា គ្រឹះស្ថានសិក្សាសាធារណៈនេះ បានដាក់ឈ្មោះថា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មានទីតាំងស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ត្រូវដឹកនាំដោយនាយកមួយរូប និងនាយករងមួយ ឬច្រើនរូបជាជំនួយការតាមការចាំបាច់ ព្រមទាំងបុគ្គលិកផ្សេងទៀត ស្របតាមលិខិតបទដ្ឋានគតិយុត្ត ប្រើប្រាស់ក្របខណ្ឌបុគ្គលិកម្រាប់អប់រំពិសេស។ ក្នុងនោះនាយក-នាយករងមានសិទ្ធិទទួលប្រាក់បំណាច់ មុខងារតាមគោលការណ៍កំណត់របស់រដ្ឋ ។
សូមបញ្ជាក់ថា ការស្រាវជ្រាវជាច្រើនបង្ហាញពីជំងឺអូទីសិម អាចកើតមានឡើងចំពោះទារក នៅពេលចាប់កំណើតក្នុងផ្ទៃម្ដាយ។ ភាគច្រើនកុមារកើតជំងឺនេះ បង្ហាញរោគសញ្ញានៅពេលអាយុចន្លោះពី៣ខែ ទៅ២ឆ្នាំ។ គេអាចកត់សំគាល់កុមារកើតជំងឺអូទីសិម ដោយសារកុមារនោះចូលចិត្តនៅម្នាក់ឯង មិនចាប់អារម្មណ៍ចំពោះអ្នកនៅជុំវិញខ្លួន អាយុដល់ ២ឆ្នាំហើយមិនទាន់ចេះនិយាយ និងពេលខឹងម្តងៗ មិនចង់ឲ្យគេលួងលោមជាដើម។
ជំងឺអូទីសិមជាប្រភេទពិការភាពម្យ៉ាងកើត មានចំពោះកុមារដែលនាំឲ្យប៉ះពាល់ ទៅលើការលូតលាស់រាងកាយ សតិបញ្ញាស្មារតី ប៉ះពាល់ទៅលើផ្នែកទំនាក់ទំនងសង្គម និងការស្ដែងចេញនូវអាកប្បកិរិយារបស់កុមារ។ កុមារអូទីសិមពិបាកក្នុងការប្រាស្រ័យ ទាក់ទងជាមួយអ្នកដទៃដូចជា ឪពុកម្ដាយ បងប្អូន និងកុមារដទៃ ដោយបង្ហាញកាយវិការ ចរិតឫកពារ ខុសប្លែកពីមនុស្សធម្មតា ៕