ត្រឹមថ្ងៃទី២៧ កក្កដា ការងារបង្កបង្កើនផលស្រូវ នៅរដូវវស្សាសម្រេចបាន ជាង២លានហិកតា ស្មើនឹងជាង៨៥%
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ កក្កដា ការងារបង្ក បង្កើនផលស្រូវនៅរដូវវស្សាទូទាំងប្រទេស សម្រេចបានជាង២លានហិកតា ស្មើនឹងជាង៨៥%។
យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា« គិតត្រឹមថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២០ លទ្ធការងារបង្កបង្កើនផលស្រូវរដូវវស្សាទូទាំងប្រទេស សម្រេចបាន ២,២០៣,៨៦៩លានហិកតា ស្មើនឹង៨៥.១៥ភាគរយ» ។
លោក បានបញ្ជាក់ថា ផ្ទៃដីភ្ជួររាស់បានចំនួន ២,៣៩២,១៩៥ ហិកតា ក្នុងនោះ ប្រើប្រាស់គ្រឿងយន្ត ២,៣៧៥,០៦៥ ហិកតា ស្មើនឹង ៩៩.២៨ ភាគរយ និងប្រើប្រាស់ គោក្របី ១៧,១២៦ ហិកតា ស្មើនឹង០.៧២ ភាគរយនៃផ្ទៃដីដែលបានភ្ជួររាស់ ។ ផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេស សម្រេចបានស្រូវស្រាលចំនួន ៦៦៣,១៥២ហិកតា, ស្រូវកណ្តាលចំនួន ១,១០៩,៩២៤ហិកតា ស្រូវធ្ងន់ចំនួន៣៧៩,៥៨០ហិកតា, ស្រូវចម្ការចំនួន១៨,០៥៩ហិកតា ស្រូវឡើងទឹកចំនួន ៣៣,១៥៤ហិកតា។ ចំណែកផ្ទៃដីប្រមូលផលស្រូវបានចំនួន ៥៦,៦៦៩ ហិកតា ស្មើនឹង ២,៥៩ ភាគរយ នៃផ្ទៃដីអនុវត្ត ទិន្នផលមធ្យមជាង ៤តោនក្នុងមួយហិកតា ។
លោក បានឲ្យដឹងទៀតថា សម្រាប់ដំណាំសាកវប្បកម្មរយៈពេលខ្លី មានផ្ទៃដីបង្កបង្កើនផលសម្រេចបាន ៤៨,៩២៥ ហិកតា ស្មើនឹង៩៥.៩៣ ភាគរយ នៃផែនការ ៥១,០០០ ហិកតា ក្នុងនោះដំណាំសំខាន់ៗរួមមាន ពោតចំនួន ៩,២៣៤ ហិកតា , ដំឡូងជ្វាចំនួន ២,៨៩០ ហិកតា និងបន្លែគ្រប់មុខចំនួន ៣៣,៩០២ ហិកតា ។ ចំណែកឯដំណាំឧស្សាហកម្មរយៈពេលខ្លីវិញ ការបង្កបង្កើនផលសម្រេចបាន ៧២៣,៨៣៩ ហិកតា ស្មើ ៨២.៧១ ភាគរយ នៃផែនការសរុប ៨៧៥,២០០ ហិកតា ក្នុងនោះដំណាំសំខាន់ៗរួមមាន ពោតក្រហម ៨៧,២១៧ ហិកតា , ដំឡូងមីចំនួន ៥៨៣,៤៦៤ ហិកតា , សណ្តែកបាយចំនួន ១៦,៧៩២ ហិកតា , សណ្តែកដីចំនួន ៤,៥៥៣ ហិកតា , សណ្តែកសៀងចំនួន ៨,៧៦២ហិកតានិងអំពៅចំនួន១១,២៦៥ហិកតា៕EB