ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតមធ្យោបាយធ្វើដំណើរ ចំពោះអ្នកធ្វើដំណើរដោយបំពាននឹងបំរាម ដែលបានដាក់ចេញ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។

តាមរយៈសារសំឡេងផ្ញើជូនស្នងការនគរបាលរាជធានីភ្នំពេញ, មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា បន្ទាប់ដកហូតមធ្យោបាយហើយនោះ ម្ចាស់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្នុងផ្ទះរៀងៗខ្លូន។

លោក ឃួង ស្រេង បានថ្លែងថា «សូមជម្រាបជូនលោក លោកស្រី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញថា ក្នុងករណីអ្នកមិនស្ដាប់តាមការណែនាំ ត្រូវដកហូតរក្សាទុកមធ្យោបាយរបស់គាត់ បើជិះម៉ូតូយកម៉ូតូទៅទុក បើជិះឡានយកឡានទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះគ្រប់១៤ថ្ងៃ គ្រប់១៤ថ្ងៃទើបប្រគល់មធ្យោបាយឲ្យវិញ។ ក្នុងករណីដែលគាត់ធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានពិនិត្យឃើញថា គាត់មិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចយើង យើងនឹងអនុវត្តការផាកពិន័យបន្ដទៀត»។

អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងថា នៅពេលធ្វើចត្តាឡីស័កអាជ្ញាធរមូលដ្ឋានត្រូវតាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ក្នុងករណីការអនុវត្តមិនត្រឹមត្រូវ តាមការណែនាំទេនោះ នឹងអនុវត្តនូវការផាកពិន័យតាមច្បាប់តែម្ដង។ ការអនុវត្តបែបនេះ គឺដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងផ្ទុះក្នុងសហគមន៍៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ