អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា នៅភ្នំពេញ មិនមានករណី លួចបើកខារ៉ាអូខេ និងក្លឹបកម្សាន្ត ក្នុងអំឡុងពេលទប់ស្កាត់ ជំងឺកូវីដ១៩
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា ពុំមានករណីមានលួចដំណើរការអាជីវកម្ម ខារ៉ាអូខេ ឬក្លឹបកម្សាន្ត និងបៀហ្គាឌិនណាមួយឡើយ ជុំវិញមូលដ្ឋានរាជធានីភ្នំពេញ ក្នុងអំឡុងពេលយុទ្ធនាការទប់ស្កាត់ការីករាលដាលវីរុសកូវីដ១៩ នោះឡើយ ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តបទដ្ឋានគតិយុទ្ធ ដាក់អនុវត្តវិធានការ សុវត្ថិភាពទេសចរណ៍ (ជំហានទី១) សម្រាប់ដំណាក់កាល វិបត្តិជំងឺកូវីដ១៩ និងផែនការអនុវត្តបន្ត នាសាលារាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានគូសបញ្ជាក់ ជូនលោក ថោន ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថា «នៅពេលមុននេះ យើងបានទទួលដំណឹងមកថា ខារ៉ាអូខេ ក្លឹបកម្សាន្ត នៅក្នុងរដ្ឋបាលរាជធានីភ្នំពេញ មានការបើកដំណើរការ ឡើងវិញ នេះជាពាក្យចរចាមអារាម ហើយជាការយល់ច្រឡំ» ។
លោក ឃួង ស្រេង បានបញ្ជាក់ថា «ប្រជាពលរដ្ឋ នៅជុំវិញមូលដ្ឋានរបស់យើង ពុំមានការប្រព្រឹត្តិល្មើសជុំវិញ បញ្ហាការបើក KTV ឬក៏ក្លឹបកម្សាន្តឡើងវិញនោះទេ ។ ថែមទាំងបានដាក់ផែនការ ដល់បណ្តាខណ្ឌទាំង១៤ ដែលមានគណៈបញ្ជាការឯកភាព ខណ្ឌទាំង១៤ ឲ្យយកចិត្តទុកដាក់និងតាមដានជាប់ជាប្រចាំទៅលើបញ្ហានេះ» ។
លោកអភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា កិច្ចការងារនេះ ម្ចាស់អាជីវកម្មទាំងអស់ ដែលទ្រាំធន់ នឹងការផ្អាកអាជីវកម្មមិនបាន ពួកគាត់ក៏បង្វែរគំនិត ដែលខារ៉ាអូខេមានការច្រៀង ឬកន្លែងបៀរហ្គាឌិននេះ ទៅជាភោជនីយដ្ឋាន ប៉ុន្តែកំហុសមួយដែលគាត់មិនបានអនុវត្ត ឲ្យបានគ្រប់ជ្រុងជ្រោយ គឺគាត់មិនបានធ្វើលិខិតស្នើសុំជាលាយលក្ខអក្ស មករដ្ឋបាលរាជធានីភ្នំពេញ តែប៉ុណ្ណោះ”។
មានប្រសាសន៍ ក្នុងពិធីនេះដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា«ចំពោះកម្ពុជាយើង យើងបានជ្រាបច្បាស់ហើយ កាលពីឆ្នាំ២០១៩ យើងបានទេសចរ ៦លាន ៦សែននាក់ បានចំណូល ប្រហែលជាង៤ពាន់លាន ដាក់បញ្ចូល ក្នុងសេដ្ឋកិច្ចជាតិ ប៉ុន្តែចាប់តាំងពីខែមករា ២០២០ យើងបានមកដល់៤ខែ ដើមឆ្នាំ យើងឃើញថា យើងធ្លាក់ចុះ ៥២% ពិសេសគឺចាប់ពីខែមេសា មកយើងធ្លាក់ដល់ទៅ៩០% ក្នុងខែមេសាមួយ ។ ប្រសិនបើយើង គិត៤ខែ ដោយសារតែខែមករា ខែកុម្ភៈ នៅមានភ្ញៀវ មកបានច្រើនដែរ យើងធ្លាក់តែ ៥០%» ។
លោករដ្ឋមន្ត្រីថែមទាំងបាន បង្ហាញពីសញ្ញានៃផលប៉ះពាល់ ចំពោះវិស័យទេសចរណ៍ នៅកម្ពុជាផងដែរថា ការប៉ានស្មានចំពោះភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ ក្នុងផែន ការឆ្នាំ២០២០ នឹងមិនអាចបាននោះទេ ពោលអាចបាន នៅក្នុងឆ្នាំ២០២៥ ដែលត្រូវបាន លោករដ្ឋមន្ត្រី យល់ឃើញថាវិស័យទេសចរណ៍នៅកម្ពុជា ថយក្រោយ៥ឆ្នាំ៕EB