អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាថ្មីមួយ ដោយផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន សម្រាប់រថយន្ដដឹកដី ដឹកខ្សាច់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ក្រោយរថយន្ដទាំងនេះបានបង្កគ្រោះថ្នាក់ញឹកញ៉ាប់ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដាក់ចេញវិធានការនេះ គឺដោយសារតែកន្លងមកសង្កេតឃើញថា ការដឹកដី ដឹកខ្សាច់ កាត់ផ្លូវនេះបានបង្កឲ្យប្រឡាក់ នៅលើទ្រូងផ្លូវ កកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យខូចផ្លូវផងដែរដូច្នេះ អាជ្ញាធរត្រូវតែមានវិធានការដើម្បីរក្សាផ្លូវនេះ ឲ្យនៅតែល្អស្អាតជានិច្ច ខណៈដែលកំណាត់ផ្លូវនេះ កន្លងមកត្រូវបានសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវនេះជាផ្លូវដែលអាចឲ្យយន្តហោះចុះចតបាន។

លោក ឃួង ស្រេង បានឲ្យដឹងទៀតថា មុននឹងមានវិធានការណ៍បិទការធ្វើចរាចរណ៍សម្រាប់រថយន្តដឹកដី ដឹកខ្សាច់ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រនេះ អាជ្ញាធរត្រូវកោះប្រជុំជាមួយម្ចាស់អាជីវកម្មទាំងអស់ ដើម្បីណែនាំឲ្យពួកគាត់បានដឹង និងត្រៀមបង្វែរពីការចាក់ដី ទៅជាការជីកដាក់បំពង់ទុយោ ដើម្បីបូមខ្សាចដាក់ចូលតំបន់ខាងលើនេះវិញ ដោយនឹងទុករយៈពេលឲ្យពួកគាត់ពី១ខែ ទៅ២ខែ ដើម្បីជីកដាក់បំពង់ទុយោនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ