រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ នៅកម្ពុជា ចំនួនអ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ច នៅមានកម្រិត ដែលទាមទារការបណ្តុះបណ្តាល ដើម្បីផ្សព្វផ្សាយ ពន្យល់ដល់ពលរដ្ឋឱ្យចេះប្រើប្រាស់ហិរញ្ញវត្ថុ ប្រកដោយសុវត្ថិភាព
ភ្នំពេញ៖ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការបណ្តុះបណ្តាលចំណេះដឹងជំនាញសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច ដល់អ្នកសារព័ត៌មានឱ្យកាន់តែច្រើន និងមានសមត្ថភាពគ្រប់គ្រាន់ គឺជាការជួយផ្តល់នូវចំណេះដឹងដល់សាធារណជន ដើម្បីពង្រឹងនូវចំណេះប្រើប្រាស់ផ្នែកហិរញ្ញវត្ថុឱ្យយមានសុវត្ថិភាព និងសេដ្ឋកិច្ចផ្សេងៗ។
ការថ្លែងបែបបនេះរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោក រួមជាមួយលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញជាអធិតបតីភាពចុះអនុស្សរណៈនៃការយោគយល់ រវាងក្រសួងព័ត៌មាន និងនិយ័តករមូលបត្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។
ចំណុចនេះត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងកម្ពុជា គឺមានអ្នកសារព័ត៌មានជំនាញផ្នែកសេដ្ឋកិច្ចមានមួយចំនួន និងមិនទាន់យល់ពាក្យសេដ្ឋកិច្ចបានច្បាស់លាស់ ត្រង់នេះជាឧបសគ្គមួយនៅក្នុងការយល់ពីប្រធានបទទាក់ទងវិស័យសេដ្ឋកិច្ច។ ដូច្នេះ ប្រិសនបើជាអ្នកសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច មិនយល់ពីប្រធានបទ ពាក្យគន្លឹះសេដ្ឋកិច្ច តើអ្នកអានរបស់គាត់យល់ដែរ ឬទេ? ដូច្នេះ ចាំបាច់ត្រូវធ្វើការបណ្តុះបណ្តាលជំនាញផ្នែកសេដ្ឋកិច្ចជាមុនដល់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ចនេះឱ្យមានចំណេះដឹងទូលំទូលាយ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា កិច្ចការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន ផ្នែកសេដ្ឋកិច្ចនេះ ក្រសួងព័ត៌មាននឹងធ្វើកិច្ចសហការជាមួយ និយ័តករមូលបត្រកម្ពុជា។ លោករដ្ឋមន្ត្រី បានលើកឡើងថា៖ «ការធ្វើឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ពីសុវត្ថិភាពផ្នែកហិរញវត្ថុ គឺជាការចាំបាច់ ព្រោះប្រជាពលរដ្ឋមួយចំនួនកាលណាគាត់ទទួលបានព័ត៌មានមិនត្រឹមត្រូវ ហើយជាមួយចិត្តមនុស្សលោមលន់ចង់បានច្រើនថែមទៀត ហើយការដែលឃោសនា និងក្រុមហ៊ុនមួយចំនួនបើកដំណើរការគ្មានសុវត្ថិភាពត្រឹមត្រូវ ធ្វើឱ្យប្រជាពលរដ្ឋធ្វើការវិនិយោគទៅខុស ហើយបាត់ធនធានរបស់គាត់»៕