អគ្គស្នងការដ្ឋាននគរបាលជាតិ ៖ វិដេអូធ្វើទារុណកម្មឆក់លើស្ដ្រីម្នាក់ក្នុងរថយន្ដនោះ គឺមានប្រភពនៅឯបរទេស រីឯស្រ្តីរងអំពីហឹង្សានោះ ក៏មិនមែនជនជាតិខ្មែរដែរ
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា វិដេអូប្រើអំពីហឹង្សាដោយបុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីម្នាក់ក្នុងរថយន្ត ហើយបានយកដំបងឆក់នោះ គឺមានប្រភពនៅឯបរទេស ហើយមិនមែននៅកម្ពុជានោះទេ រីឯស្រ្តីរងអំពីហឹង្សានោះ ក៏មិនមែនជាជនជាតិខ្មែរដែរ។
ថ្មីៗនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ឃើញមានការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្តតាមបណ្តាញទំនាក់ទនងសង្គម នូវវីដេអូ ដែលមានសកម្មភាព ប្រើអំពីហឹង្សា ដោយមានបុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីម្នាក់ក្នុងរថយន្ត និងបានយកដំបងឆក់ ឆក់ទៅលើស្រ្តីរូបនោះ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងថា «តាមការស្រាវជ្រាវ ជំនាញកំណត់បានថា វីដេអូដែលបានបង្ហោះផ្សព្វផ្សាយនោះ គឺមានប្រភពនៅឯបរទេស មិនមែនកើតឡើងក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ រីឯស្រ្តីដែលរងអំពីហឹង្សា និងការធ្វើទារុណកម្មនោះ ក៏មិនមែនជនជាតិខ្មែរផងដែរ ចំពោះការបង្ហោះផ្សព្វផ្សាយ និងចែករំលែកនូវវីដេអូនេះ អ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គម គ្រាន់តែចង់ចែករំលែកព័ត៌មាន អំពីអំពើហឹង្សានិងការធ្វើទារុណកម្មលើស្រ្តីដើម្បីអោយអ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គមនានាបានដឹង និងថ្កោលទោសចំពោះបុរសដែលប្រព្រឹត្តិនោះតែប៉ុណ្ណោះ»។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានសំណូមពរដល់អ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គមដែលបានបង្ហោះផ្សព្វផ្សាយ និងបានចែករំលែកនូវវីដេអូខាងលើ សូមលុប និងបញ្ឍប់នូវការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្តទៀត ជៀសវាងការភាន់ច្រលំដល់សារធារណជនថាវីដេអូនេះ បានកើតឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៍សូមក្រើនរំលឹកដល់សាធារណជនទាំងអស់មេត្តាជ្រាបថា រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ សូមបញ្ជាក់ឲ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ជៀសវាងធ្វើអោយមានការភាន់ច្រឡំពីសាធារណជន។
បន្ថែមពីនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏សូមឱ្យពិនិត្យ និងពិចារណាឱ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល ក្នុងន័យទាញយកការចាប់អារម្មណ៍ ឬប្រជាប្រិយភាព ឬកេងចំនេញផលប្រយោជន៍មកបុគ្គល ដែលរាល់ការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺជាអំពីខុសច្បាប់ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕