អភិបាលរាជធានីភ្នំពេញ បញ្ជារជាថ្មី ឲ្យបិទជាបន្ទាន់ រាល់ពេទ្យធ្មេញ ក្លីនិក និងឱសថស្ថាន គ្មានច្បាប់ និងខុសបច្ចេកទេស
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធី "ផ្សព្វផ្សាយ និងដាក់ ឲ្យដំណើរការ មន្ទីរសុខាភិបាល ស្ថិតក្រោមរចនសម្ព័ន្ធ គ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាសាលារាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានកំណត់ ឲ្យមន្ទីរសុខាភិបាល និងអជ្ញាធរខណ្ឌទាំង១៤ ត្រូវពិនិត្យនិងលុបបំបាត់នូវរាល់ ពេទ្យធ្មេញ ឬជាងធ្មេញ ក្លីនិកឯកជននិងឱសថស្ថាននានា ដែលគ្មានច្បាប់ទំលាប់ត្រឹមត្រូវ ឲ្យខានតែបាន ។
លោក អភិបាលរាជធានីភ្នំពេញ បានណែនាំបន្ថែម ដល់អភិបាលខណ្ឌទាំង១៤ ថា«ត្រូវដឹង ក្លីនិក នៅក្នុងដែនសមត្ថកិច្ចខ្លួនឯង មានប៉ុន្មាន ផ្នែកអ្វីខ្លះ មានច្បាប់ឬគ្មានច្បាប់ ត្រួតពិនិត្យបញ្ហានេះ ។មិនបណ្តោយបានទេ បណ្តោយស្រេចតែចិត្ត មិនបានទេ ។ យើងបានឃើញ ហើយ ក្លីនិតកខ្លះ វះទៅស្លាប់ គ្មាននរណាទទួលខុសត្រូវ បិទបើកបិទបើក ដូចអំពិលអំពេក រហូតគេវៃខ្លាំងទើបបិទឈឹង»។
ជាមួយគ្នានោះដែរ លោក ឃួង ស្រេង បានសម្តែងការកោតសរសើរ ចំពោះប្រតិបត្តិករ ដែលមានលោកគ្រូ អ្នកគ្រូពេទ្យ ចំពោះកិច្ចខិតខំប្រឹងប្រែង យុគ្គសម័យកូវីដ១៩នេះ ឃើញថា រាជធានីភ្នំពេញ មានទំនួលខុសត្រូវ ការព្យាបាលអ្នកជំងឺ រហូតដល់យើងទទួល ការកោតសរសើរ ពីតំបន់ ក៏ដូចជាបរទេស៕EB