ខណៈរលកទី១ នៃការវាយលុកជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្បើយ គេសង្កេតឃើញប្រជាពលរដ្ឋជាច្រើន បានវិញត្រឡប់មកប្រកបរបរប្រចាំថ្ងៃ និងមានពិធីជួបជុំផ្សេងៗជាហូរហែ។ ជាមួយគ្នានេះ ក៏មានការលើកឡើងថា ក្នុងកាលៈទេសៈពេលនេះ គួរអនុញ្ញាតឲ្យរៀបចំពិធីមង្គលការ ឬពិធីជប់លៀងផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន ដែរឬក៏យ៉ាងណា?
លោកជំទាវឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ប្រសិនបើពិធីដាច់ខាតមិនអាចពន្យារបាន គួរអនុវត្តនូវវិធាន ស្ថិតនៅឲ្យមានគន្លាតពីគ្នា ត្រូវពាក់ម៉ាស់ អនុវត្តអនាម័យ និងត្រួតពិនិត្យសុខភាពភ្ញៀវដែលអញ្ជើញចូលរួម។ ប៉ុន្តែលោកស្រី បានសង្កត់ធ្ងន់ថា សម្រាប់វិធានដ៏ល្អ នាពេលនេះ ប្រទេសជាច្រើន នៅលើពិភពលោក គេនៅតែបន្តរឹតបន្តឹង នូវវិធានការហាមការជួបជុំនៅឡើយ មិនទាន់លើកលែងនោះទេ។
លោកជំទាវឱ វណ្ណឌីនបានបន្ថែមថា នៅក្នុងរបត់នៃការវាយលុកខ្លាំង របស់កូវីដ១៩ គឺនៅពេលជួបជុំមនុស្សច្រើន និងការចល័តរបស់បុគ្គលម្នាក់ពីកន្លែងមួយទៅកន្លែងមួយទៀត។ ហើយត្រូវចងចាំថា ទោះបីនៅកម្ពុជា ពុំមានករណីឆ្លងថ្មីក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា ជំងឺកូវីដ១៩ បានចាកចេញពីកម្ពុជានោះទេ។ ខណៈដែលនៅលើពិភពលោកកំពុងប្រឈមការឆ្លងរាលដាលខ្លាំង និងមានអ្នកស្លាប់រាប់សិបម៉ឺននាក់។ ដូច្នេះសូមកុំឲ្យមានរលកទី២ នៃការវាយលុករបស់កូវីដ១៩ កើតមានម្តងទៀតនៅកម្ពុជា។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងសុខាភិបាលបានទទួលថវិកាពីសប្បុរសជនសរុប១៤លានដុល្លារ ក្នុងនោះចំណាយទិញម៉ាស់ធម្មតា ម៉ាស់N95 ទឹកអាកុល អស់ជាង៧លានដុល្លារ ខណៈថវិកាមាននៅក្នុងគណនីធនាគារ ជាង៥លាន ៩សែនដុល្លារ។ជាមួយគ្នានេះ រដ្ឋាភិបាលក៏ទទួលបានថវិកាសប្បុរសពីមន្ត្រីក្រសួងស្ថាប័ននានា ចំនួន៤០ស្ថាប័នសរុបជិត១០លានដុល្លារ៕SP