នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនាឆ្នាំ២០២០ ក្រសួង​មហាផ្ទៃ បានបើកកិច្ចប្រជុំក្រុមការងារ បច្ចេកទេសកែសម្រួលលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានក្រុមការងារ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារ និងមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន អង្គភាពពាក់ព័ន្ធមន្រ្តីជំនាញផ្នែកច្បាប់ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនផងដែរ។

ឯកឧត្តម ប៊ុន ហុន មានប្រសាសន៍ថា ក្រុមការងារបច្ចេក​ទេសកែសម្រួល​លក្ខន្តិកៈ​ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី​នគរបាលជាតិត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩កន្លងមក ក្រោយទទួលបានគោលការណ៍ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដូច្នេះក្រុមការងារត្រូវពិនិត្យពិចារណារ ឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីធ្វើយ៉ាងណា រៀបចំច្បាប់នេះឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវសុគតិភាពជាមួយនឹងច្បាប់ដទៃដែលពាក់ព័ន្ធ និងត្រូវសិក្សាបន្ថែមផងដែរអំពីបទដ្ឋានគតិយុទ្ធ និងបទពិសោធន៌ជាមួយ​បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសអូស្រា្តលីជាដើម។ ឯកឧត្តមបន្ថែមថា កន្លងមកប្រទេសអូស្រា្តលី បានជួយ និងផ្តល់ជាបទពិសោធ៍មួយ​ចំនួនលើការងារនេះដែរ ប៉ុន្តែទោះជាយ៉ាងនេះក្តីកម្ពុជាក៏ត្រូវការ បន្តសិក្សាបន្ថែមទៀតជាមួយបណ្តាប្រទេសផ្សេងៗ ជាពិសេសប្រទេស​នៅតំបន់អាស៊ាន ដើម្បីធ្វើយ៉ាងអោយការ​រៀបចំច្បាប់នេះមានភាពត្រឹមត្រូវ និងមិនមានប៉ះពាល់ដល់ច្បាប់ផ្សេងទៀតក្នុងព្រះរាជាណា ចក្រកម្ពុជា។

សូមជម្រាបថា ក្រុមការងារបច្ចេកទេសកែសម្រួលលក្ខន្តិកៈដោយ​ឡែកនៃក្រប​ខ័ណ្ឌមន្ត្រី នគរបាលជាតិ និងរៀបចំសសេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិនេះមាន​សមាជិកភាពចំនួន១៨រូប ក្រុមការងារនេះមានភារៈកិច្ចត្រូវ ពិនិត្យ និងពិភាក្សាទៅលើ២ចំណុច ដោយទី១គឺកែសម្រួលលក្ខន្តិកៈដោយឡែកនៃក្រប​ខ័ណ្ឌមន្ត្រីនគរបាលជាតិ និងទី២ គឺរៀបចំសេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិ។

គូររំលឹកដែរថា សេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិកម្ពុជាបានរៀបចំឡើង មាន១៨ជំពូក ៩០មាត្រា ដែលច្បាប់នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីកំណត់អំពីលក្ខន្តិកៈការគ្រប់គ្រងនគរបាលជាតិកម្ពុជា ក្នុងការធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈអាយុជីវិត សិទ្ធិសេរីភាព ទ្រព្យសម្បតិ្តសាធារណៈ និងឯកជនដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។ សេចក្តីព្រាងច្បាប់ ស្តីពី នគរបាលជាតិកម្ពុជា មានវិសាលភាពចំពោះនគរបាលជាតិកម្ពុជាគ្រប់រូប ដែលបំពេញភារកិច្ចទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានច្បាប់ដោយឡែកផ្សេងពីនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ