កម្ពុជា-ចិន នៅតែបន្តរួមដៃគ្នា ដើម្បីប្រយុទ្ធប្រឆាំង ជាមួយនិងជំងឺ កូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ ៖ លោកលី ជីងហ្វឹង អនុព័ទ្ធយោធានៃស្ថានទូតចិន ប្រចាំនៅកម្ពុជា បានអះអាងថា កម្ពុជា-ចិន នៅតែបន្តរួមដៃគ្នា ដើម្បីប្រយុទ្ធប្រឆាំង ជាមួយនិងជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ខណ:ជំងឺនេះនៅតែមានការរីករាល នៅទូទាំងសកលលោកនៅឡើយ ។
ក្នុងឱកាសក្រសួងការពារប្រទេសចិន ផ្ដល់សម្ភារពេទ្យការពារ ទប់ស្កាត់ជំងឺកូវីដ១៩ ចំនួន៤តោន ដល់ក្រសួងការពារជាតិកម្ពុជា លោកលី ជីងហ្វឹង បានថ្លែងថា ចាប់តាំងពីជំងឺកូវីដ១៩ មានការផ្ទុះឡើង រដ្ឋាភិបាល ក៏ដូចជាប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ចិន បានបង្ហាញពីគោលជំហ គាំទ្រគ្នាទៅវិញទៅមក គួរជាទីមោទន:។
លោកបន្តថា បច្ចុប្បន្ន មិនថា តែប្រទេសចិន នោះទេរួមទាំងកម្ពុជាផងដែរ ដែលបាននិងកំពុងធ្វើការ ការពារទប់ស្កាត់ ប្រយុទ្ធប្រឆាំងកូវីដ១៩នេះ យ៉ាងសកម្ម។
លោកឲ្យដឹងទៀតថា “ជាសកលផងដែរជំងឺកូវីដ១៩នេះ នៅតែបន្តរីករាលដាល មិនទាន់មានការធ្លាក់ចុះនៅឡើយទេ ដូច្នេះយើងត្រូវតែបន្តរួមគ្នាប្រយុទ្ធប្រឆាំង ឲ្យកាន់តែសកម្មថែមទៀត និងរក្សានូវសមិទ្ធផលទាំងឡាយ ដែលយើងបានទទួលបានពីការ ប្រយុទ្ធប្រឆាំងកូវីដ១៩នេះ ធ្វើម៉េចកុំឲ្យមានការកើនឡើង នូវអ្នកជំងឺ ហើយសម្រាប់កងទ័ពទាំងពីរ មានន័យថា កងទ័ពប្រជាជនចិន និងកងយោធពលខេមរភូមិន្ទកម្ពុជា នៅតែបន្តកាន់ដៃគ្នា ប្រកៀកស្មារគ្នា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩នេះ លុះត្រាតែជំងឺនេះបាត់បង់ពីផែនដី”។
លោក បញ្ជាក់ថាចិន នឹងបន្តគាំទ្រកម្ពុជា តាមរយ:ការបន្តផ្ដល់ជំនួយ ជាសម្ភារនានាបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នេះផងដែរ។
សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលក្រសួងការពារប្រទេសចិន បានប្រគល់សម្ភារពេទ្យ សម្រាប់ទប់ស្កាត់វីរុស កូវីដ១៩ ដល់ក្រសួងការពារជាតិកម្ពុជា។
គួររំលឹកថា នាពេលកន្លងមក នៅពេលប្រទេសចិន ជួបការលំបាកដោយសារការរីករាលដាល ជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា បានជួយឧបត្ថម្ភជាសម្ភារៈ បរិក្ខារពេទ្យ និងគាំទ្រយ៉ាងពេញទំហឹងជូនដល់មិត្តចិន រហូតមកដល់ពេលនេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅប្រទេសចិន ទទួលលទ្ធផលគួរជាទីមោទនៈ ដូចនេះប្រទេសចិន នឹងមកជួយដោះស្រាយជាមួយមិត្តកម្ពុជាវិញ តាមរយៈការជួយឧបត្ថម្ភជាសម្ភារ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មួយចំនួនធំ និងបញ្ជូនអ្នកជំនាញ វេជ្ជសាស្ត្រស៊ីវិល និងកងទ័ពមកជួយផងដែរ ៕EB