នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃទទួលបន្ទុក អគ្គលេខាធិការដ្ឋាន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ ៥ឆ្នាំ (២០១៩-២០២៣) និងសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ប្រធាន-អនុប្រធាន​នាយកដ្ឋានក្រោមចំណុះ ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ស្តីពីសាវតារ និងលទ្ធផលសម្រេចនៃការធ្វើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០១៩-២០២៣) និងសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២០ ជូនដល់អង្គប្រជុំពិនិត្យ និងភាក្សា ដោយក្នុងនោះផងដែរ ឯកឧត្តម អគ្គលេខាធិការ បានមានប្រសាសន៍ថា សេចក្តីព្រាងផែនការទាំងពីរនេះត្រូវបានប្រជុំឆ្លង​ផ្ទៃក្នុងបានចំនួន៥លើករួចមកហើយ ក្នុងក្របខណ្ឌអគ្គលេខាធិការដ្ឋាន ជាមួយ និងនាយកដ្ឋានចំណុះ។ បន្ថែមពីនេះទៀត ឯកឧត្តមនាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្តថា ការកសាងផែនការយុទ្ធសាស្រ្តរយៈពេល ០៥ (២០១៩-២០២៣)នេះ ត្រូវបានរៀបចំឡើងក្រោមបរិបទនៃការ​អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងផ្អែកលើគោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធ ការប្រមូលផ្តុំ វិភាគ វាយតម្លៃលើបទពិសោធន៍ បញ្ហាប្រឈម និងទស្សនវិស័យវែងឆ្ងាយក្នុងគោលបំណងដើម្បីរៀប​ចំកែសម្រួល​របៀបរបបការងារ និងកសាងហេដ្ឋានរចនាសម្ព័ន្ធចាំបាច់ ដើម្បីធានាប្រសិទ្ធភាពការងាររបស់អង្គភាព។ ដោយឡែកសម្រាប់សេចក្តីព្រាង​ផែនការសកម្មភាពឆ្នាំ២០២០ គឺបានរៀបចំឡើងតាមរបៀបវារៈការងារនៃផែន​ការយុទ្ធសាស្រ្ត៥ឆ្នាំ(២០១៩-២០២៣) របស់អគ្គលេខាធិការដ្ឋាន ក្នុងគោលបំណងដើម្បីធ្វើទំនើបកម្មរបស់អង្គភាព។

មានប្រសាសន៍នាកិច្ចប្រជុំនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសេចក្តីព្រាងផែនការទាំងពីរ ដោយស្របតាមការគ្រប់គ្រងបែបទំនើបកម្ម ដែលបានបង្ហាញឲ្យឃើញយ៉ាង​ជាក់លាក់ចំពោះលទ្ធផលរំពឹងទុក ហើយក៏បានកសាងដោយមានសុច្ចនាករ​ជាជំហានៗយ៉ាងច្បាស់លាស់ងាយស្រួលក្នុងការអនុវត្តការងារបន្ថែមទៀតស្របតាមផែនការដែលបានគ្រោងទុក។ ផ្អែកតាមផែនការយុទ្ធសាស្រ្តដ៏ល្អទាំងនេះ ឯកឧត្តម សន្តិបណ្ឌិត ក៏បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងអង្គភាពក្រោមចំណុះទាំងអស់ ខិតខំពង្រឹងការដឺកនាំ របៀបរបបការងារបន្ថែមទៀត ជាពិសេសបន្តខិតខំពង្រឹង បណ្តុះបណ្តាលដល់មន្រ្តីឲ្យមានជំនាញ វិជ្ជាជីវៈ សមត្ថភាពខ្ពស់ ដើម្បីដឹកនាំ និងបម្រើការងារជូនអង្គភាពឱ្យមានការរីក​ចម្រើនស្របតាមស្តង់ដារនៃការគ្រប់គ្រងបែបទំនើប និងស្របតាមបរិបទសង្គមជឿនលឿននាពេលបច្ចុប្បន្ន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ