ភ្នំពេញ ៖ ក្រសួងផែនការ នឹងពិនិត្យការផ្តល់ប័ណ្ណជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺ កូវីដ-១៩ ឲ្យបានច្បាស់លាស់ជាទីបំផុត ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។
លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផែនការ នៃក្រសួងផែនការ មានប្រសាសន៍ថា «រដ្ឋបាល រាជធានី-ខេត្ត បានចូលរួមពិនិត្យ និងវាយតម្លៃ នូវលិខិតស្នើសុំប័ណ្ណសមធម៌របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវតែច្បាស់ថាប្រជាពលរដ្ឋនោះក្រីក្រពិតប្រាកដខ្វះខាតការហូប ចុកក្នុងជីវភាពប្រចាំថ្ងៃក្នុងស្ថានភាពវិបត្តិជំងឺ កូវីដ-១៩»។
លោកបន្ដថា ការអនុវត្តវិធានការត្រួត ពិនិត្យភាពច្បាស់លាស់របស់ជនក្រីក្រនេះ ដើម្បីការពា រកុំឲ្យមានការលេចចេញនូវបាតុភាពណាមួយកើតឡើង ដោយកិច្ចការបំភាន់ បក្សពួក បងប្អូន គ្រួសារសាច់ញាតិ មនោសញ្ចេតនាមន្រ្តីក្រោមឱវាទ ដែលមិនស្ថិតនៅក្នុងបន្ទាត់ក្រីក្រ ផ្ទុយពីគោលការណ៍របស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ប្រជាពលរដ្ឋ ក្រីក្រដែលត្រូវទទួលបានការឧបត្ថម្ភ ។
សូមរំលឹកថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺ កូវីដ-១៩ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដែលមានប្រជាពលរដ្ឋ ក្រីក្រជាង៥៦គ្រួសារ ដែលត្រូវចំណាយថវិកា ជាង២៥លានដុល្លា ក្នុង១ខែ ៕EB