គ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌ អញ្ជើញទៅផ្ទៀងផ្ទាត់ និងចុះឈ្មោះតាម ឃុំ-សង្កាត់ ដើម្បីទទួលប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាល
ភ្នំពេញ ៖ គ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌ ដែលមានសុពលភាព និងប័ណ្ណសមធម៌ ដែលទើបផ្តល់ជូន អញ្ជើញទៅផ្ទៀងផ្ទាត់ និងចុះឈ្មោះនៅសាលា ឃុំ-សង្កាត់ ដើម្បីទទួល បានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេល កូវីដ-១៩។
លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា «ដើម្បីជួយសម្រួលជីវភាព របស់ប្រជាជន និងកាត់បន្ថយផលប៉ះពាល់ ដោយសារការរីករាលដាលជំងឺ កូវីដ-១៩ រាជរដ្ឋា ភិបាល បានសម្រេចជួយឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលមាន ប័ណ្ណសមធម៌រួច ហើយ និងគ្រួសារក្រីក្រខ្លះ ដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និងគ្រួសារខ្លះទៀត ទើបទទួលរងផលប៉ះពាល់បាត់បង់ចំណូលធ្លាក់ខ្លួនក្រីក្រដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩នេះ ដែលជាគោលការណ៍រាជរដ្ឋាភិបាលមិន បោះបង់ចោលនរណា ម្នាក់ឲ្យនៅឯការ នោះទេ»។
លោកបន្តថា ឆ្នាំ២០១៩ ក្រសួងផែនការ បានអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើខេត្តចំនួន៨ គឺ ខេត្តតាកែវ, កណ្តាល, ពោធិ៍សាត់, កំពង់ឆ្នាំង, បាត់ដំបង, ប៉ៃលិន, ព្រះវិហារនិងរតនគិរី ។ ជាលទ្ធផល រកឃើញគ្រួសារក្រីក្រចំនួន ១៨៩,៤១៦គ្រួសារ ក្នុងនោះ ក្រកម្រិត១ មានចំនួន ៦៧,៣០១គ្រួសារ និង ក្រកម្រិត២ មានចំនួន ១២២,១១៥គ្រួសារ ។
ដោយឡែកខេត្តតាកែវ មានគ្រួសារក្រីក្រ ចំនួន ៣០,៣០៤គ្រួសារ ក្នុងនោះ ក្រកម្រិត១ ចំនួន ១០,៩៩១គ្រួសារ និង ក្រកម្រិត២ មានចំនួន ១៩,៣១៣គ្រួសារ។
ដោយឡែកចំពោះការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលកូវីដ-១៩ ក្នុងខែឧសភា ឆ្នាំ២០២០ នៅតំបន់ជនបទកន្លងមកនេះ(គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០) បានរកឃើញគ្រួសារក្រីក្រចំនួន ៥៣,២០២គ្រួសារបន្ថែមទៀត ក្នុងនោះ ក្រកម្រិត១ មានចំនួន ២២,៩៤១គ្រួសារ និង ក្រកម្រិត២ មានចំនួន ៣០,២៦១គ្រួសារ ហើយដោយឡែកចំពោះខេត្តតាកែវ រកឃើញគ្រួសារក្រីក្រមានចំនួន ២,៥៨៨គ្រួសារ ក្នុងនោះក្រកម្រិត១ មានចំនួន ១,១២៩គ្រួសារ និង ក្រកម្រិត២ ចំនួន ១,៤៥៩គ្រួសារបន្ថែមទៀត។
លោកក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមផ្សព្វផ្សាយដល់គ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌មានសុពលភាព និងប័ណ្ណសមធម៌ដែលទើបផ្តល់ជូននាពេលនេះ ទៅផ្ទៀងផ្ទាត់និងចុះឈ្មោះនៅសាលាឃុំ សង្កាត់ ដើម្បីទទួលបានប្រាក់ ឧបត្ថម្ភពី រាជរដ្ឋាភិ បាល ក្នុងអំឡុងពេលកូវីដ-១៩ ហើយប្រសិនជាប្រជាជនក្រីក្រ មិនបានយកប័ណ្ណសមធម៌ ទៅចុះឈ្មោះនៅសាលាឃុំ សង្កាត់ នឹងមិនទទួលបាន ប្រាក់ឧបត្ថម្ភទេ៕EB