ក្រុមមន្រ្តីឧទ្យានុរក្សឧទ្យានជាតិវិរៈជ័យ បានប្រមូលរូបភាពនៃសត្វព្រៃជាច្រើនប្រភេទពីម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២គ្រឿង ដែលក្រុមការងារដាក់ថតវត្តមានសត្វព្រៃក្នុងឧទ្យានជាតិវីរៈជ័យ។
បើតាមក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែឧសភានេះ រូបភាពសត្វព្រៃដែលរកឃើញក្នុងម៉ាស៊ីនថតស្វ័យប្រវត្តិមានដូចជា ខ្លាពពក ខ្លាញីថ្មកែវ ប្រើស ឈ្លូស សត្វតេះ សំពោច ជ្រូកព្រៃ ខ្លាឃ្មុំ និងសត្វស្លាបជាដើម។
សូមជម្រាបថា ក្រុមមន្រ្តីឧទ្យានុរក្សឧទ្យានជាតិវិរៈជ័យបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២គ្រឿង ក្នុងឧទ្យានជាតិវីរៈជ័យ តាំងពីខែមេសា ឆ្នាំ២០១៩ ដល់ចុងខែមេសា ឆ្នាំ២០២០ ដោយទីតាំងទី១ ដល់ទីតាំងទី៥ ត្រូវបានដាក់នៅតាមជើងភ្នំហៀង ក្នុងភូមិសាស្រ្តស្ថិតតាមបណ្តោយព្រំប្រទល់ កម្ពុជា-ឡាវ និងទីតាំង៦ ដល់ទីតាំងទី១២ ត្រូវបានដាក់នៅទីតាំងភូមិសាស្ត្រស្ថិតតាមបណ្តោយអូរខាំផា។
រូបភាពនៃវត្តមានសត្វព្រៃទាំងនេះ ជាព័ត៌មានដ៏សំខាន់សម្រាប់ក្រុមមន្រ្តីឧទ្យានុរក្ស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស៕