មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថា តួលេខអ្នកជាសះស្បើយពីកូវីដ-១៩ កើនឡើងជាបណ្ដើរៗ ដែលជាចំណុចវិជ្ជមានសម្រាប់កម្ពុជា
ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានថ្លែងថា តួលេខអ្នកជាសះស្បើយពីជំងឺ កូវីដ-១៩ មានការកើនឡើង ជាបណ្ដើរៗហើយ ដែលនេះជាចំណុចវិជ្ជមាន សម្រាប់ប្រទេសកម្ពុជា ទាំងមូល ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងជំងឺ កូវីដ-១៩ ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពជំងឺ កូវីដ-១៩ នៅទីស្ដីការ គណៈរដ្ឋមន្ដ្រី នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ឱ វណ្ណឌីន បានរំលឹកថា គិតចាប់ពីខែមករា ដល់ថ្ងៃទី៣០ មីនា នេះ ក្រសួងសុខាភិបាល រកឃើញអ្នកមាន វិជ្ជមាន កូវីដ-១៩ ចំនួន១០៧នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន២៣នាក់ ខណៈអ្នកកំពុងព្យាបាល ចំនួន៨៤នាក់។
លោកជំទាវមានប្រសាសន៍ថា «មកទល់ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ស្ថានភាពនៃជំងឺ កូវីដ-១៩ នៅកម្ពុជារបស់យើង គឺយើងទទួលបានអ្នក ដែលព្យាបាល ជាសះស្បើយនោះ សរុបទាំងអស់ អាហ្នឹងយើងគិតតាំងពីខែមករា រហូតដល់បច្ចុប្បន្ននេះ សរុបទាំងអស់២៣នាក់ ហើយចំនួន២៣នាក់នេះ បើសិនយើងគិតជាភាគរយ បើធៀបជាមួយនឹង អ្នកដែលយើងរកឃើញ វិរុស កូវីដ-១៩នោះ គឺមានរហូតដល់ ២១,៥ភាគរយ ។ ចឹងតួលេខដែលបង្ហាញ អំពី ការពិនិត្យព្យាបាលជាសះស្បើយជូនបងប្អូនប្រជាពលរដ្ឋរបស់យើង តួលេខកើនឡើងជាបណ្ដើរៗហើយ ដែលនេះជាចំណុចវិជ្ជមានមួយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា របស់យើង» ។
លោកជំទាវបន្ដថា តាមការសិក្សា របស់ក្រសួងសុខាភិបាល សង្កេតឃើញថា អ្នកដែលមានគ្រោះថ្នាក់ខ្ពស់បំផុត មានន័យថា អ្នកប៉ះពាល់ដោយផ្ទាល់ជាមួយផ្ទុកជំងឺ កូវីដ-១៩ គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ មានចំនួន៣៥៣នាក់ ក៏ប៉ុន្ដែ ៣៥៣នាក់នោះ ក្រសួងសុខាភិបាលធ្វើតេស្ដរកឃើញ ១០៧នាក់ដែលមានជំងឺ កូវីដ-១៩។
លោកជំទាវបន្ថែមថា ដោយឡែក ចំនួនករណីផ្សេងទៀត ដែលក្រសួងសុខាភិបាលរកឃើញ អ្នកប៉ះពាល់ដោយប្រយោល ១៣៥៩នាក់ ហើយអ្នកទាំងនោះមកដល់ពេលនេះ មិនទាន់មានអ្នកនរណាម្នាក់ មានបញ្ហាសុខភាពទេ ជាពិសេស ពួកគាត់ក៏បានរួចផុតពីការតាមដានផងដែរ៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ