ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងហាមមិនឲ្យលក់ ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគផ្សេងៗនៅលើប្រព័ន្ធអ៊ីធើណែនដូចជា Facebook ជាដើម។នេះបើតាមសេចក្តីជូនដំណឹងចេញ ផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងមានករណីជំងឺ Covid-19 កើនឡើងជាបន្តបន្ទាប់ ធ្វើឲ្យប្រជាជនមានតម្រូវការឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគជាចាំបាច់ ដើម្បីប្រើប្រាស់ក្នុងការការពារជំងឺនេះ។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល សង្កេតឃើញតាមបណ្ដាញសង្គម Facebook មានគណនីជាច្រើនកំពុងឆ្លៀតឱកាសផ្សព្វផ្សាយលក់ ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគយ៉ាងអនាធិបតេយ្យដូចជា ម៉ាស់ ឧបករណ៍វាស់សីតុណ្ហភាព អាកុល ជែល និងសារធាតុសម្លាប់មេរោគជាច្រើនប្រភេទទៀត ដែលគ្មានលេខបញ្ជិកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាលឡើយ។

កន្លងមកក្រសួងធ្លាប់បានទិញអាកុល ក៏ដូចជាសារធាតុសម្លាប់មេរោគមួយចំនួន ពីអ្នកលក់តាមប្រព័ន្ធអនឡាញ មកពិនិត្យគុណភាព ហើយឃើញថា អាកុល ឬសារធាតុសម្លាប់មេរោគទាំងនោះភាគច្រើនជាប្រភេទផលិត ដែលមានគុណភាពមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬក្លែងបន្លំ ដូចជា អាកុលខ្លះ ជាមេតាណុលសុទ្ធសាធ ឬ មេតាណុលលាយជាមួយអេតាណុល។ 

ខណៈដែលអាល់កុល ដែលមានគុណភាពសម្រាប់សម្លាប់មេរោគ ជាប្រភេទអេតាណុលពី ៦០ភាគរយទៅ ៨០ភាគរយ ដោយឡែកចំពោះសារធាតុមេតាណុលវិញ មិនត្រូវបានគេប្រើប្រាស់សម្រាប់សម្លាប់មេរោគនោះឡើយ ដោយសារធាតុនេះគ្មានសកម្មភាពសម្លាប់មេរោគទេ ហើយសារធាតុនេះអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។

ដោយសង្កេតឃើញនូវបញ្ហាទាំងនេះក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការចំនួន ៣ដោយអនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថ ដូចខាងក្រោម៖

១.ការលក់ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងប្រតិករ ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល ហើយតម្រូវឱ្យលក់នៅតាមឱសថស្ថាន និងឱសថស្ថានរងស្របច្បាប់ គឺមិនអនុញ្ញាតឲ្យលក់តាមប្រព័ន្ធអ៊ីធើណែនឡើយ។

២.ការលក់គ្រឿងសំអាងគ្រប់ប្រភេទត្រូវមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។

៣.ការផ្សព្វផ្សាយឱសថ ឧបករណ៍បរិក្ខារពេទ្យ ប្រតិករ និងគ្រឿងសំអាងគ្រប់ប្រភេទ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដើម្បីពិនិត្យខ្លឹមសារផ្សព្វផ្សាយឲ្យមានលក្ខណៈត្រឹមត្រូវតាមឯកសារវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រ៕S/ 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ