ខេត្តមណ្ឌលគិរី៖ សត្វទន្សោងពីរក្បាល ត្រូវបានគេប្រទះឃេីញងាប់ក្នុងបរិវេណដីក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ដែលមានទីតាំងនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

នាយខ័ណ្ឌរដ្ឋបាលព្រៃឈេីខេត្តមណ្ឌលគិរី លោកអ៊ុ វណ្ណសុភៈ បានឱ្យដឹងថា ៖ ក្រុមហ៊ុនលឹម រ៉ូយ៉ាល់ បានរាយការណ៍ថា មានសត្វទន្សោងងាប់នៅក្នុងដីក្រុមហ៊ុនរបស់ខ្លួន ទើបក្រុមការងារខ័ណ្ឌរដ្ឋបាលព្រៃឈេី បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងសហការជាមួយក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ។ តាមការពិនិត្យជាក់ស្តែងនៅនឹងកន្លែងកើតក្រុមការងារបានឃើញសត្វទន្សោងញីចំនួន២ក្បាល បានងាប់មានសភាពហើមស្អុយប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ សត្វទន្សោងដែលងាប់នេះ ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងព្រៃការពារភ្នំព្រេចហើយសត្វទន្សោងនោះបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុនចំងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ។ បច្ចុប្បន្នក្រុមការងារបានធ្វើការកប់សពសត្វទន្សោងនៅនឹងកន្លែងកើតហេតុតែម្តង។

លោកកែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សំដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់ប្រភេទសត្វដ៏កម្រ បែបនេះ ។ លោកបន្តថា ៖ បានចាត់មន្រ្តីជំនាញចុះធ្វេីការស្រាវជ្រាវ ករណីបាញ់សត្វទន្សោងនេះហេីយ ដេីម្បីវែកមុខរកជនដែលប្រព្តឹតខុសច្បាប់។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ