អាជ្ញាធរជាតិអប្សរា និងមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការគ្នា រុះរើសំណង់ នៅមុខប្រាសាទអង្គរវត្ត
ភ្នំពេញ ៖ សំណង់អាគារមុខប្រាសាទអង្គរវត្តត្រូវ បានរុះរើជាស្ថាពរដោយមានការចូលរួម សហការដោយមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្រោមគម្រោងអភិវឌ្ឍន៍ របស់អាជ្ញាធរជាតិ អប្សរា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថានេះជាសំណង់ទី១០ហើយ ដែលត្រូវបានរុះរើដោយស្ម័គ្រចិត្តនិងប្រគល់ ទីតាំងជូនអាជ្ញាធរជាតិអប្សរា អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍។
លោក សឿង ស៊ីថា ប្រធានការិយាល័យទីក្រុងស្អាតនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថាអាគារនេះបានបន្សល់ទុកនូវការចងចាំដ៏ល្អនិង អនុស្សាវរីយ៍ជាច្រើនដោយ ធ្លាប់បានប្រើប្រាស់ដំបូងគេបង្អស់នៅមុខប្រាសាទអង្គរវត្តលើផ្នែកសេវាកម្មភេសជ្ជៈនិងបន្ទប់ទឹកស្អាត។
លោកបន្ដថា ដោយចំពោះការរុះរើនាពេលនេះ លោកបញ្ជាក់ថាក្រសួងនិងមន្ទីរទេសចរណ៍ សប្បាយរីករាយសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីរួមចំណែកអភិវឌ្ឍន៍ កែលម្អជាសួនច្បារដាំដើមឈើ ឱ្យមានការទាក់ទាញទេសចរណ៍មកលេងកាន់តែច្រើន ក្នុងតំបន់បេតិកភណ្ឌ។
ចំណែកលោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បញ្ជាក់ថាការរុះរើសំណង់ទាំងអស់មុខប្រាសាទអង្គរវត្ត គឺមិនត្រូវបានលើកលែងអាគារណាមួយទេ សូម្បីសំណង់របស់អាជ្ញាធរជាតិអប្សរាផ្ទាល់។
លោកបន្ថែមថា ក្នុងនាមអាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អ របស់ក្រសួងនិងមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏ដូចអាជីវករទាំងអស់ ដែលបានលះបង់ ទ្រព្យធនរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍រួម និងស្គាល់ពីតម្លៃអង្គរ ដើម្បីទុកលទ្ធភាពជូន អាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ទីលានមុខប្រាសាទអង្គរវត្តក្លាយជាទីចាប់អារម្មណ៍បំផុត៕EB
អត្ថបទទាក់ទង
-
អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អកំណាត់ផ្លូវ៦០ម៉ែត្រ