ភ្នំពេញ ៖ ស្ថានឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា បានឈានដល់ការចុះហត្ថលេខាជាមួយ នឹងក្រសួងការពារជាតិកម្ពុជា លើអនុសារណៈស្តីពីកិច្ចសហប្រតិបត្តិការ លើការជួយ បណ្តុះបណ្តាល និងបង្រៀនភាសាបារាំងដល់កងកម្លាំងមួកខៀវកម្ពុជា និងកិច្ចសហ ប្រតិបត្តិការរវាងកងរាជអាវុធហត្ថ នៃខ.ភ.ម និងកងរាជអាវុធហត្ថសាធារណរដ្ឋបារាំង។ 

ពិធីចុះហត្ថលេខានេះ បានធ្វើឡើង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នៅអគារមិត្តភាព នាទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិតក្រោមអធិបតីភាព  នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងលោស្រី អ៊ីវ៉ា ង្វៀនប៊ីន (Eva NGUYEN BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

នាយឧត្តមសេនីយ៍ នាង ផាត បានមានប្រសាសន៍ថា « ថ្ងៃនេះក្រសួងការពារជាតិកម្ពុជា មានកិត្តិយសណាស់ ដោយបានការចុះហត្ថលេខាជាមួយសាធារណរដ្ឋបារាំង នៅលើ អនុសារណៈស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ។ តាមការ ពិតអនុសារណៈដែលត្រូវចុះមានចំនួនបី តែយើងចុះលើអនុសារណៈចំនួនពីរសិន ដែលអនុសារណៈទីបី យើងកំពុងពិចារណា ពិភាក្សាបន្តទៀត ដើម្បីដំណើរការ នៅពេលក្រោយ»។ 


លោកស្រី អ៊ីវ៉ា ង្វៀនប៊ីន (Eva NGUYEN BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានថ្លែងថា ការចុះហត្ថលេខាជាមួយគ្នានាពេលនេះ គឺពិតជាមានតម្លៃ និងមានសារៈសំខាន់បំផុត ចំពោះកិច្ចសហប្រតិបត្តិការ រវាងសាធារណរដ្ឋបារាំង និងព្រះរាជាណាចក្រកម្ពុជា។ ហើយនេះជាកិច្ចខិតខំប្រឹងប្រែងផងដែររបស់ភាគីបារាំង ចំពោះការចេញ ប្រតិបត្តិការ របស់កងកម្លាំងមួកខៀវកម្ពុជា នៅក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការរបស់បារាំង ជាមួយនឹងកងរាជអាវុធហត្ថកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ