ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសមាគមភស្តុភារកម្មកម្ពុជា (CLA) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ក្រោមអធិបតីភាព លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានាឱកាសនេះ ភាគីទាំងពីរ បានឯកភាពគ្នាលើគោលការណ៍ ដូចជា៖ សហការរៀបចំវគ្គបណ្តុះបណ្តាលរួមគ្នា សម្រាប់វគ្គខ្លី មធ្យម និងវែង លើជំនាញភស្តុភារកម្ម និងជំនាញពាក់ព័ន្ធ, ផ្លាស់ប្តូរសិស្ស-និស្សិត សិក្ខាកាម សាស្រ្តាចារ្យ និងបុគ្គលិក, សហការសិក្សាស្រាវជ្រាវលើតម្រូវការនៃការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្មវិធីសិក្សា ធនធាន និងសម្ភារបណ្តុះបណ្តាលផ្សេងៗ, រៀបចំសិក្ខាសាលា កិច្ចប្រជុំ សន្និសីទ កម្មវិធី និងព្រឹត្តិការណ៍នានា, ផ្តល់ការធ្វើទស្សនកិច្ចសិក្សា ការធ្វើកម្មសិក្សា ការបំពេញការងារហាត់ការ និងឱកាសការងារ នៅតាមបណ្តាក្រុមហ៊ុនជាសមាជិក, និងលើកកម្ពស់ការយល់ដឹងលើវិស័យភស្តុភារកម្មនៅកម្ពុជា ជាដើម។

នាឱកាសនោះ លោក ហឿន សំនៀង នាយកវិទ្យាស្ថាន និងជាតំណាងភាគីហត្ថលេខី នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានថ្លែងថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានអត្តចរិក សីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ ដើម្បីដោះស្រាយបញ្ហាកង្វះអ្នកជំនាញបច្ចេកទេស ក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្ដុភារកម្ម នាពេលបច្ចុប្បន្ន និងនាពេលអនាគត សំដៅចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ 

ដោយឡែក លោក ស៊ិន ចន្ធី ប្រធានសមាគម និងជាតំណាងសមាគមភស្តុភារកម្មកម្ពុជា បានចូលរួមមតិចាប់អារម្មណ៍ និងបានលើកឡើងអំពីប្រវត្តិនៃសមាគមភស្តុភារកម្មកម្ពុជា ដែលដើមឡើយមានឈ្មោះហៅថា សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤។ ក្រៅពីការគាំពារសមាជិកភាព សមាគមផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យឡូជីស្ទីក ចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់សព្វថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី ឥម នីថារ៉ា បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងន័យចែករំលែកនូវចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងការងារអនុវត្តផ្ទាល់នានា ក៏ដូចជាការផ្តល់ឱកាសដល់និស្សិតរបស់វិទ្យាស្ថាន មានលទ្ធភាពចុះកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុនដឹកជញ្ជូន និងភស្តុភារកម្ម ប្រមាណ ១២០ ក្រុមហ៊ុន ជាសមាជិករបស់សមាគមភស្តុភារកម្មកម្ពុជា ដែលសកម្មភាពទាំងនេះ សុទ្ធសឹងតែជាការចូលរួមលើកកម្ពស់វិស័យអប់រំ និងជំនាញពាក់ព័ន្ធផ្សេងៗទៀត រវាងអង្គភាពទាំងពីរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ