ភ្នំពេញ ៖ នៅក្នុងរដូវពងកូនឆ្នាំ២០២០នេះ ក្រុមការពារសំបុកនៅសហគមន៍បានរកឃើញសំបុកកន្ធាយក្បាលកង្កែប ចំនួន ៤៩សំបុក ដែលមាន ១.៧៥៦ពង។

ទោះបីជាចំនួននេះកើនលើសឆ្នាំ ២០១៩  តែពីរសំបុកក្តី ប៉ុន្តែបើគិតជាចំនួនពងសរុបប្រចាំឆ្នាំគឺមានការកើនឡើងបើធៀបនឹងបីឆ្នាំកន្លងមក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ដើម្បីអបអរសាទរការអភិរក្សកន្ធាយក្បាលកង្កែបក្នុងទិវាអណ្ដើកពិភពលោក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។

ក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ មានកូនកន្ធាយក្បាលកង្កែបសរុបចំនួន ៨២៤កូន បានញាស់ចេញពីសំបុកចំនួន ៤១ សំបុក ដែលក្នុងនោះកូនកន្ធាយ ចំនួន ៦៥៧ ត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិវិញ ចំណែកឯកូនកន្ធាយដែលនៅសល់ ក្រុមការងារកំពុងមើលថែទាំនិងគ្រោងលែងចូលក្នុងទីជម្រកធម្មជាតិវិញ ក្នុងពេលឆាប់ៗខាងមុខ។

កន្ធាយក្បាលកង្កែបឬល្មិច ដែលជមានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantorii ត្រូវបានចាត់ចូលក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត។ 

វានៅមានចំនួនតិចតួចប៉ុណ្ណោះក្នុង ប្រទេសឡាវ និងប្រទេសមួយចំនួនទៀត និងវាទំនងជាបានផុតពូជហើយនៅតាមអតីតទីជម្រកដែលវាធ្លាប់ រស់នៅភាគច្រើនក្នុងប្រទេស វៀតណាមនិងថៃ ដោយសារមានការលួចចាប់និងធ្វើពាណិជ្ជកម្ម រួមទាំង សកម្មភាពខុសច្បាប់ក្នុងការប្រមូលយកពងរបស់យកទៅលក់ឬធ្វើជាអាហារ។ 

នៅកម្ពុជា អ្នកវិទ្យាសាស្ត្រមិនបានរកឃើញវត្តមានប្រភេទកន្ធាយនេះទេក្នុងចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧។ ក៏ប៉ុន្តែ ក្នុងឆ្នាំ២០០៧ អង្គការអភិរក្សអន្តរជាតិ (CI) បាន រកឃើញវត្តមានកន្ធាយនេះនៅក្នុងទន្លេមេគង្គចន្លោះពីខេត្តក្រចេះ ដល់ស្ទឹងត្រែង។ អង្គការអភិរក្សអន្តរជាតិ CI បានធ្វើការជាមួយរដ្ឋបាលជលផលការពារប្រភេទកន្ធាយនេះ រហូតដល់ឆ្នាំ ២០១៧ ទើបប្រគល់គម្រោងនេះឲ្យមកអង្គការ WCS គ្រប់គ្រងបន្ត។ 

ចាប់តាំងពីពេលនោះមក អង្គការ WCS និងរដ្ឋបាលជលផល បាននិងកំពុងធ្វើការអភិរក្សប្រភេទសត្វនេះ តាមរយៈការទប់ស្កាត់រាល់ សកម្មភាពខុសច្បាប់ទាក់ទងនឹងការចាប់ និងការធ្វើពាណិជ្ជកម្មប្រភេទកន្ធាយក្បាលកង្កែបនេះ កម្មវិធីការពារសំបុកនៅតាមសហគមន៍ និងគាំទ្រដល់ការ អភិវឌ្ឍសហគមន៍ និងសហគមន៍នេសាទ៕E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ