អ្នកនាំពាក្យ ក្រសួងសុខាភិបាលថា វិធានការកំណត់ ឲ្យជនបរទេសបង់ប្រាក់ពេលមកកម្ពុជា ដើម្បីស្រាវជ្រាវរកកូវីដ-១៩
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឲ្យដឹងថាការអនុវត្តវិធានកំណត់ឲ្យបង់ប្រាក់ ចំពោះជនបទេសចូលមកកម្ពុជា គឺធ្វើឡើងដើម្បីស្រាវជ្រាវ រកជំងឺកូវីដ-១៩ ខណៈបណ្ដាប្រទេសមួយចំនួនមានតម្លៃថ្លៃជាងកម្ពុជាទៅទៀត។
នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់គិតថ្លៃសេវាពីជនបរទេសសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ-១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរបស់រដ្ឋ។
លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ នៅក្នុងតេឡេក្រាមក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ថា«ការអនុវត្តវិធានការ គឺដើម្បីស្រាវជ្រាវរកករណីវិជ្ជមាន ក្នុងចំណោមអ្នកដែលគាត់ធ្វើដំណើរក្នុងមកកម្ពុជារបស់យើង ពីព្រោះយើងដឹងហើយថាកន្លងមកនេះឆ្លងវីរុសកូវីដ-១៩ ភាគច្រើនសុទ្ធសឹងតែករណីនាំចូលទេ»។
លោកស្រីបន្ដថា ការប្រុងប្រយ័ត្នខ្ពស់ នៅតាមច្រកចូលមកកម្ពុជា គឺជាវិធានចាំបាច់ សម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា ហើយក៏ជានីតិវិធីអ្នកដំណើរគ្រប់រូប ត្រូវគោរពវិធានការនានារបស់កម្ពុជា។លោកស្រីថា នៅតាមបណ្ដាប្រទេសមួយចំនួនមានការតឹងតែ និងមានតម្លៃថ្លៃជាងកម្ពុជា ចំពោះការធ្វើចត្តាឡីស័ក ។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លើកឡើងថាចំពោះការអនុវត្តវិធានការកំណត់បង់ប្រាក់ ចំពោះជនជាតិបរទេសធ្វើដំណើរមកម្ពុជា ក្រសួងមិនទាន់ប៉ាន់ប្រមាណថា វិធានការនេះ ត្រូវបញ្ចប់នៅពេលណានោះទេ ពីព្រោះជំងឺកូវីដ-១៩ នៅតែមានសភាពខ្លាំងក្លា ហើយកម្ពុជាមានវិធានការគ្រប់ពេលវេលា ដើម្បីទប់ស្កាត់ជំងឺនេះ។
សូមរំលឹកថា មកដល់ពេលនេះ កម្ពុជារកឃើញអ្នកកើតជំងឺ កូវីដ-១៩ ចំនួន១២៩នាក់ ក្នុងនោះ១២៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ ខណៈ៣នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕EB