ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសបច្ចេកវិទ្យាព័ត៌មានវិទ្យា
នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី០២ ខែមិថុនាឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបន្តពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការក្រសួងមហាផ្ទៃ ប្រធាន អនុប្រធានក្រុមប្រឹក្សានីតិកម្ម តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃមន្រ្តី ជំនាញផ្នែកច្បាប់ និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប៊ុន ហុន បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ អង្គប្រជុំបានពិនិត្យ ពិភាក្សានិងកែសម្រួលបានចំនួន ១២មាត្រារួចមកហើយ ដោយឡែកសម្រាប់អង្គប្រជុំនាពេលនេះនឹង បន្តពិនិត្យ ពិភាក្សាមាត្រា ១៣ ដល់មាត្រា១៦ ដែលជាមាត្រាចុងក្រោយនៃជំពួកទី០៤។
គួររំលឹកដែរថា ក្រសួងមហាផ្ទៃ បានរៀបចំប្រជុំពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលមាន០៧ជំពូក និង៤៨មាត្រ គឺបានចាប់ផ្តើមតាំងពីឆ្នាំ២០១៦មក ដែលកិច្ចប្រជុំនេះធ្វើឡើងក្នុងន័យ ដើម្បី ស្វែងរកនូវធាតុចូលបន្ថែមទៀត សម្រាប់រៀបចំសេចក្ដីព្រាងច្បាប់មួយនេះអោយសមស្របតាមការវិវត្តន៍នៃបរិបទសង្គម ឱ្យកាន់តែមានភាពសុក្រិតល្អថែមទៀត និងធានាសុច្ចរិតភាពនៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបការប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា៕