ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងកំពុងយកសំណាក អ្នកដំណើរចំនួន១០០នាក់(មាន៦សញ្ជាតិ)ដែលទើបត្រឡប់មកពីសាធារណរដ្ឋកូរ៉េ ចូលមកដល់កម្ពុជាកាលពីរាត្រីថ្ងៃទី២៤ ឧសភា ដើម្បីធ្វើតេស្តរកវីរុសកូវីដនិងធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃនៅមណ្ឌលត្រួតពិនិត្យសុខភាព ស្ថិតនៅក្នុងទីតាំងទ័ពអាកាសកងយោធពលខេមរភូមិន្ទ និងមណ្ឌលសុខភាពចាក់អង្រែក្រោម។

ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការងារ និងសុខភាពអ្នកដំណើរពីបណ្ដាប្រទេសផ្សេងៗ ត្រលប់ចូលមកកម្ពុជាតាមជើងហោះហើរពីសាធារណរដ្ឋកូរ៉េនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោកម៉ម ប៊ុនហេង បានថ្លែងថា «ជាក់ស្ដែងនៅយប់នេះមានជើងហោះហើរចំនួនពីរជើងពីសាធារណរដ្ឋកូរ៉េ សរុបមានអ្នកដំណើរ១០០នាក់ មានជាជនជាតិខ្មែរ កូរ៉េ បារំាង អាមេរិក អ៊ីរ៉ាក់ ក្នុងនោះមន្ដ្រីរបស់យើងមិនអនុញ្ញាតឱ្យអ្នកដំណើរទាំងអស់នោះ ត្រលប់ទៅផ្ទះនោះទេ គឺត្រូវយករថយន្ដដឹកពួកគាត់ ទៅដាក់មណ្ឌលត្រួតពិនិត្យសុខភាព ស្ថិតនៅក្នុងទីតាំងទ័ពអាកាស កងយោធពលខេមរភូមិន្ទ និងមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីយកសំណាកធ្វើតេស្ដរកកូវីដ១៩ ទាំងយប់»។

លោកបញ្ជាក់ថា មិនថាសម្រាប់តែជើងហោះហើរ ពីសាធារណរដ្ឋកូរ៉េនោះទេ គឺរាល់អ្នកដំណើរទាំងអស់ ដែលត្រលបចូលមកដល់កម្ពុជា គឺត្រូវតែធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ និងធ្វើតេស្តរកកូវីដ១៩ ដើម្បីចៀសផុតពីហានិភ័យខ្ពស់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ចូលមកកម្ពុជា។

លោកថា ទោះលទ្ធផល ចេញមកអវិជ្ជមានក៏ដោយ ក៏តម្រូវឱ្យអ្នកដំណើរទាំងនោះ បន្ដទៅធ្វើចត្ដាឡីស័កដោយខ្លួនឯងនៅផ្ទះចំនួន ១៤ថ្ងៃ បន្ថែមទៀតផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក៏ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែបន្តការពារ និងប្រុងប្រយ័ត្នខ្ពស់ និងត្រូវបន្តគោរពតាមវិធានរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ទោះក្នុងកាលៈទេសៈណាក៏ដោយ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២នាក់ ដែលសុទ្ធតែជាជំងឺនាំចូលក្រោយ ព្យាបាលជាសះស្បើយ ១០០ភាគរយ លើអ្នកឆ្លងសរុបចំនួន ១២២នាក់ ៕ EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ