ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបំភ្លឺពាក់ព័ន្ធការកុំឱ្យពលរដ្ឋមានការយល់ច្រឡំករណីបង្ក្រាបគ្រឿងញៀន នៅសង្កាត់ក្បាលកោះ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជ្រាបថា កាលពីយប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ យើងពិនិត្យឃើញមានការចែករំលែកបន្តគ្នាក្នុងបណ្ដាញសង្គមពាក់ព័ន្ធករណីបង្ក្រាបគ្រឿងញៀន នៅសង្កាត់ក្បាលកោះ ដែលធ្វើអោយការយល់ច្រឡំ ដើម្បីចៀសវាងការយល់ច្រឡំ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការបកស្រាយដូចខាងក្រោម÷
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៧:៣០នាទី នគរបាលមូលដ្ឋានបានចេញល្បាត និងពួនស្ទាក់តាមគោលដៅធ្លាប់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ក៏បានឃើញជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ ហៅ ខ្នាក់ ជិះ បានឈប់ម៉ូតូទទួលយកគ្រឿងញៀនពីជនសង្ស័យម្នាក់ទៀតមិនស្គាល់ឈ្មោះ រួចជនសង្ស័យម្នាក់គេចចូលដីឡូត៍ក្បែរនោះបាត់ទៅ ចំណែកឯជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ បានជិះម៉ូតូចេញដើម្បីគេចខ្លួនពីសមត្ថកិច្ច។
ក្នុងអំឡុងពេលប្រតិបត្តិការ សមត្ថកិច្ចពិនិត្យឃើញជនសង្ស័យស្ថិតក្នុងស្ថានភាពញៀនគ្រឿងញៀនខ្លាំង និងស្រវឹងស្រាជោគជាំ និងមានចេតនាប្រើដំបងប្រព្រឹត្តអំពើហិង្សាលើមន្ត្រីអនុវត្តច្បាប់ ទើបសមត្ថកិច្ចឈានដល់ការប្រើសិទ្ធិការពារខ្លួនឈានការចាប់ខ្លួនជនសង្ស័យ វាយខ្នោះ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងនីតិវិធីច្បាប់។ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលស្គាល់ថា សកម្មភាពប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់ បានប្រើប្រាស់សិទ្ធិហួសព្រំដែន នៃវិន័យរបស់កម្លាំង និងវិជ្ជាជីវៈ ចំពោះកិច្ចការនេះជាបទពិសោធន៍ និងធ្វើការអប់រំណែនាំ និងពិនិត្យដាក់វិន័យតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
ជាមួយគ្នានេះដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអំពាវនាវដល់សាធារណ:ជន ចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមាន៕SP