(អបអរសាទរ)៖រាជរដ្ឋាភិបាលនឹងប្រកាសជាផ្លូវការ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” នៅថ្ងៃពុធទី២៤ មិថុនា ខាងមុខនេះ
យោងតាមផេកសម្តេចតេជោបានបញ្ជាក់ថា ៖
បងប្អូនជនរួមជាតិនិងក្មួយៗជាទីនឹករឮក
ទោះបីខ្ញុំមិនបានចុះទៅជួបបងប្អូនកូនក្មួយដោយផ្ទាល់នៅតាមមូលដ្ឋាន ឬតាមរោងចក្រសហគ្រាសនានា ប៉ុន្តែសេចក្តីនឹករឮករបស់ខ្ញុំតែងតែដក់ជាប់នឹកគិតដល់បងប្អូនជនរួមជាតិគ្រប់ៗគ្នាជានិច្ច។
ពិតណាស់ក្នុងស្ថានការដែលជំងឺឆ្លងកូវីដ-១៩កំពុងរាតត្បាតនៅទូទាំងពិភពលោកគឺបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិយើងផងដែរ។ ទន្ទឹមនឹងនោះ បងប្អូនកូនក្មួយមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដាច់ស្រយាលមួយចំនួនក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរិះរកវិធីនានាដែលអាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់នេះ។ នៅថ្ងៃពុធទី២៤ មិថុនា ខាងមុខនេះ យើងនឹងប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ។សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពកុំអោយឆ្លងមេរោគកូវីដ-១៩ ដោយប្រើប្រាស់ម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ។ចំពោះក្រុមហ៊ុន និងអ្នកគ្រប់គ្រងនៅតាមទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីពេទ្យព្យាបាលទាំងរដ្ឋនិងឯកជន ត្រូវមានទឹកអាល់កុល និងម៉ាស ដើម្បីអោយពលរដ្ឋឬអតិថិជនប្រើប្រាស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ពីម្នាក់ទៅម្នាក់ព្រោះតែការមើលស្រាលនិងការធ្វេសប្រហែស។
សូមជូនពរបងប្អូនចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងមានសុខសុវត្ថិភពក្នុងការធ្វើដំណើរជិតឆ្ងាយនៅទូទាំងប្រទេស៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ