(ភ្នំពេញ)៖ សមាគមមិត្តនគរបាលជាតិកម្ពុជា បានផ្ញើលិខិតផ្លូវការមួយជូនដល់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយសំណូមពរឲ្យជួយពិនិត្យកែលម្អដល់ស្ថានីយទូរទស្សន៍ និងសិល្បករមួយចំនួន ដែលបាននិពន្ធ និងដឹកនាំការសម្ដែងឈុតវីដេអូកំប្លែងខ្លីៗ ដែលមានផលប៉ះពាល់ពាក់ព័ន្ធទៅនឹងរូបភាពជាមន្ត្រីនគរបាលជាតិ។យោងតាមលិខិតរបស់ សមាគមមិត្តនគរបាលជាតិកម្ពុជា បាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះបានលើកឡើងថា «មួយរយៈកន្លងមកនេះជាពិសេសស្ថិតក្នុងស្ថានភាពដែលក្រសួងមហាផ្ទៃ បាននឹងកំពុងធ្វើយុទ្ធនាការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ សមាគមមិត្ត នគរបាលជាតិកម្ពុជា បានពិនិត្យ និងសង្កេតឃើញថា មានស្ថានីយទូរទស្សន៍ ក៏ដូចជាសិល្បករមួយចំនួនបានផលិត ជាខ្សែវីដេអូកំប្លែងខ្លី ដោយឈុតសាច់រឿងខ្លះ បានសម្ដែងជាតួអង្គមន្ត្រីនគរបាលជាតិ ដែលមានការស្លៀកពាក់ ឯកសណ្ឋានមិនបានត្រឹមត្រូវ និងមិនគ្រប់គ្រាន់សញ្ញាសម្គាល់ ផ្អែកតាមបទដ្ឋាន ស្ដីពីឯកសណ្ឋាន និងស្លាកសញ្ញាមន្ត្រី នគរបាលជាតិដែលបានកំណត់ ហើយតួអង្គនគរបាលមានសក់វែង និងបានប្រើពាក្យសំដីខ្លះមិនសមរម្យទៅនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ មន្ត្រីនគរបាលជាតិទៀតផង»សមាគមមិត្តនគរបាលជាតិកម្ពុជា បានបន្តថា តាមរយៈសកម្មភាពក្នុងខ្សែវីដេអូ ត្រូវបានមជ្ឈដ្ឋានខាងក្រៅធ្វើការចែករំលែកគ្នាទៅវិញទៅមកយ៉ាងទូលំទូលាយ នៅក្នុងបណ្ដាញសង្គម ដែលសមាគមមិត្តនគរបាលជាតិកម្ពុជា បានយល់ឃើញថា ពិតជាមានផលប៉ះពាល់ជះឥទ្ធិពលមិនល្អដល់កិត្យានុភាព និងសេចក្ដីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ដែលបាននឹងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ច ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងស្ថេរភាពសង្គម ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ