ភ្នំពេញ៖ ស្របពេលស្ថានការណ៍ កំពុងច្របូកច្របល់ និងហានិភ័យដែលអាចកើតមាន ពីបាតុកម្មតវ៉ាកំពុងរីក រាលដាល កាន់តែមានភាពហិង្សា នៅតាមបណ្ដាទីក្រុងនានាក្នុងសហរដ្ឋអាមេរិកនោះ ស្ថានទូតកម្ពុជា ប្រចាំនៅអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរទាំងអស់កំពុងរស់នៅ ស្នាក់នៅ និងសិក្សានៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ក្នុងការការពារសុវត្ថិភាពផ្ទាល់ខ្លួន ។

បាតុកម្មតវ៉ានេះ បានផ្ទុះឡើងក្រោយពេលបុរសស្បែកខ្មៅលោក George Floyd មានវ័យ៤៦ឆ្នាំ បានស្លាប់ដោយសារមន្ត្រីប៉ូលិសស្បែកស ចាប់ខ្លួនរូបគាត់ និងបានគ្រៀកផ្ទប់នឹងដី ដោយយកជង្គង់សង្កត់ក របស់គាត់ រយៈពេល ៨នាទី កាលពីល្ងាចថ្ងៃចន្ទ នៅក្រុង Minneapolis រដ្ឋ Minnesota ។ រហូតមកដល់ពេលនេះ មានពលរដ្ឋអាមេរិកកាំងជាង ៤០ទីក្រុងបានផ្ទុះការធ្វើបាតុកម្ម ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំអាមេរិក បានទទួលព័ត៌ មានអំពីការខូចខាតធុរៈកិច្ច (Business) និងទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរមួយចំនួននៅទីក្រុង Long Beach ដោយបាតុកម្មហិង្សា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ កន្លងមកនេះ។ ស្ថានទូតចូលរួម សំដែងការសោកស្តាយ ហើយមានការព្រួយបារម្ភករណីបែបនេះក៏អាចកើតមានផងដែរ ចំពោះខ្មែរនៅតាមទីក្រុងផ្សេងៗទៀត ។

យោងតាមសេចក្ដីអំពាវនាវ របស់ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក នៅថ្ងៃទី១ មិថុនា បានឲ្យដឹងថា ស្ថានទូតអំពាវនាវឲ្យពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារសុវត្តិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ក៏ដូចជាទ្រព្យសម្បត្តិ ដូចខាងក្រោម៖

-ស្ថិតនៅឲ្យបានឆ្ងាយពីការជួបជុំ ឬប្រមូលផ្ដុំនានា ទោះបីក្រោមរូបភាព ឬមូលហេតុអ្វីក៏ដោយ

-ជៀសវាស និងព្យាយាមកាត់បន្ថយ ឲ្យបានច្រើនបំផុត ចំពោះការចេញទៅខាងក្រៅ ។ ក្នុងករណីចាំបាច់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ពីការឆ្លងជំងឺ និងហានិភ័យជាយថាហេតុ បណ្ដាលមកពីបាតុកម្ម ។

-សូមគោរពឲ្យបានខ្ជាប់ខ្ជួន តាមបំរាមគោចរ និងបំរាមនានារបស់អាជ្ញាធរមូលដ្ឋាន ដែលខ្លួនកំពុងស្ថិតនៅ

-ក្នុងករណីមានអាសន្ន សូមទាក់ទងអាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ ៕EB

ខាងក្រោមនេះជាខ្លឹមសារ សេចក្ដីអំពាវនាវរបស់ ទូតអាមេរិក ប្រចាំកម្ពុជា ៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ