ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) បានកោតសរសើរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងការគ្រប់ គ្រងការរាតត្បាត កូវីដ-១៩ ជាពិសេស ថែទាំអ្នកជំងឺ កូវីដ-១៩ គ្រប់ជាតិសាសន៍ បានយ៉ាងល្អ ផងដែរ។
សូជម្រាបថា រហូតដល់ពេលនេះ នៅកម្ពុជាមានឆ្លងជំងឺ កូវីដ-១៩ ចំនួន ១២២នាក់ ចំណែកអ្នកព្យាបាលជាសះស្បើយ ចំនួន ១២០នាក់ ហើយអ្នកកំពុងសម្រាកព្យាបាលជំងឺ នៅសល់២នាក់ប៉ុណ្ណោះ។
ក្នុងជំនួបពិភាក្សាជាមួយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែឧស ភា ឆ្នាំ២០២០ លោកស្រី អេវ៉ា ង្វៀន ប៊ិញ មានប្រសាសន៍ថា «ពិតជាគួរឲ្យកោតសរសើរ ជាអណេក ចំពោះសមត្ថភាពការដាក់ផែនការការងារ និងគ្រូពេទ្យកម្ពុជា ក្នុងការព្យាបាល អ្នកជំងឺឲ្យជាសះស្បើយ ដោយគ្មានករណីស្លាប់ និងបញ្ហាអ្វីនោះឡើយ។ ពិតណាស់ ការពិនិត្យព្យាបាលអ្នកជំងឺ កូវីដ-១៩ មិនមែនជាការងាយស្រួលទេព្រោះថា សម្រាប់ជនជាតិ បារាំងមួយចំនួននោះ មានបញ្ហាសុខភាពស្រាប់ និងចាសជរាថែមទៀតផង ដែលមានអាយុ រហូតដល់ទៅជាង៨០ឆ្នាំ ជាពិសេសក្នុងនោះ ក៏មានទារកអាយុ៤ខែផងដែរ»។
ចំណែក លោក ម៉ម ប៊ុនហេង សង្កេតឃើញហើយថា បច្ចុប្បន្ននេះ អ្នកឆ្លងជំងឺ កូវីដ-១៩ សរុប ចំនួន១២២នាក់ ហើយជាសះស្បើយរហូតដល់ទៅ ១២០នាក់ ដោយមិនមានករណីស្លាប់។ លោកថា ដោយសារតែគ្មានករណីស្លាប់នេះហើយ ដែលបណ្ដាលឲ្យ ប្រជាពលរដ្ឋខ្លាច និងព្រួយបារម្ដ។តែទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល នៅតែបន្ដជំរុញធ្វើការអប់រំ ដល់ពលរដ្ឋបន្ថែមទៀត ដើម្បីឲ្យពួកគាត់ចេះការពារខ្លួនឯង៕ E B